ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ជិតសម្រេចបានហើយ បន្ទាប់ពីលោកបានលុបចោលការវាយប្រហារលើប្រទេសនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

លោកបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឆ្លើយតបថា របាយការណ៍អំពីកិច្ចព្រមព្រៀងនេះ គ្រាន់តែជាការស្មានប៉ុណ្ណោះ ហើយមិនទាន់មានអ្វីត្រូវបានបញ្ចប់ជាផ្លូវការនៅឡើយទេ។
ស្ថានភាពសង្គ្រាមកន្លងមក អាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ អ៊ីរ៉ង់បានវាយបកលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក ព្រមទាំងបានបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ។
ទោះបីមានបទឈប់បាញ់កាលពីខែមេសាក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តបាញ់តបតគ្នាជារឿយៗ រួមទាំងការវាយប្រហារសងសឹកគ្នាពីរលើកក្នុងសប្តាហ៍នេះផងដែរ ។ ក្រោយការប្រកាសរបស់លោក ត្រាំ តម្លៃប្រេងឆៅបានធ្លាក់ចុះ៤,៤% មកនៅត្រឹមប្រហែល៨៩ដុល្លារក្នុងមួយបារ៉ែល ។

ចែករំលែកព័តមាននេះ