ទីក្រុងឡុង៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោកចនហ៊ាលី (John Healey) បានលាលែងពីតំណែងទាំងអារម្មណ៍សោកសៅកាលពីយប់មិញ។ លោកចោទប្រកាន់ថានាយករដ្ឋមន្ត្រីខៀស្តាមើ (Keir Starmer) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសគ្មានឆន្ទៈទម្លាក់ថវិកាជាតិគ្រប់គ្រាន់ដើម្បីការពារប្រទេសជាតិនោះទេ។ ការលាលែងពីតំណែងនេះរឹតតែធ្វើឱ្យចុះខ្សោយដល់ប្រព័ន្ធរដ្ឋាភិបាលរបស់លោកស្តាមើបន្ថែមទៀតនៅក្នុងស្ថានភាពដែលលោកស្តាមើកំពុងរងសម្ពាធស្រាប់ទៅហើយនោះ។

នៅក្នុងពាក្យសម្ដីរិះគន់ដ៏ស្រួចស្រាល់មួយ លោកចនហ៊ាលីព្រមានថា «ផែនការវិនិយោគទៅលើវិស័យការពារជាតិ» របស់លោកខៀស្តាមើសម្រាប់ប្រើប្រាស់រយៈពេលមួយទសវត្សរ៍ខាងមុខនេះអាចធ្វើឱ្យអង់គ្លេសមានសុវត្ថិភាពតិចជាងមុន។ លោកថាលោក (ខៀស្តាមើ) មិនអាច រីឯរដ្ឋមន្ត្រីហិរញ្ញវត្ថុគ្មានចិត្តចង់បញ្ចេញយកមកប្រើប្រាស់នូវធនធានដែលជាតិកំពុងត្រូវការដើម្បីការពារប្រទេសនៅក្នុងគ្រាដែលប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ។ ខាងលើនេះជាអ្វីដែលលោកហ៊ាលីសរសេររៀបរាប់នៅក្នុងលិខិតលាលែងពីតំណែង ហើយលោកក៏បង្ហោះលិខិតនោះនៅលើបណ្ដាញអ៊ិចផងដែរ។

លោកសរសេររៀបរាប់ថាបន្ទាប់ពីពន្យល់ទៅលោកខៀស្តាមើថាលោកមិនទទួលយកផែនការដែលមិនបានផ្ដល់ឱ្យកងទ័ពគ្រប់គ្រាន់នូវតម្រូវការចាំបាច់ដែលពួកគេត្រូវការ លោកគ្មានជម្រើសអ្វីផ្សេងក្រៅពីស្នើសុំដាក់ពាក្យលាលែងពីតំណែងនោះទេ។ ការចាកចេញយ៉ាងតក់ក្រហល់ និងគួរឱ្យភ្ញាក់ផ្អើលរបស់លោកហ៊ាលីកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសចេះតែពន្យារពេលច្រើនខែទៅៗនៅក្នុងផែនការការពារជាតិរបស់ខ្លួន។ លោកខៀស្តាមើនិយាយទទូចថាលោកចង់រង់ចាំដល់មានកិច្ចប្រជុំកំពូលអង្គការណាតូនៅប្រទេសតួកគីនាថ្ងៃទី៧ ខែកក្កដាសិនទើបលោកផ្សព្វផ្សាយផែនការនោះតែម្ដង។

រដ្ឋាភិបាលឆ្វេងនិយមរបស់លោកខៀស្តាមើសន្យាបង្កើនខ្ទង់ថវិកាចំណាយលើវិស័យការពារជាតិដោយផ្ដល់អាទិភាពទៅលើការចូលរួមនៅក្នុងខ្ទង់ចំណាយរបស់អង្គការណាតូ។ ការបង្កើនខ្ទង់ចំណាយនេះកើតមានឡើងស្របពេលដែលមានការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ប្រទេសរុស្ស៊ី។ លោកស្តាមើខ្លួនឯងទើបតែព្យាករទុកថាយ៉ាងយូរនៅក្នុងរយៈពេលបួនឆ្នាំខាងមុខ រុស្ស៊ីអាចនឹងវាយប្រហាររដ្ឋជាសមាជិកអង្គការណាតូ។ ម៉្យាងទៀត គម្រោងបង្កើនខ្ទង់ចំណាយនេះក៏កើតមានឡើងបន្ទាប់ពីលោកត្រាំជំរុញម្ដងហើយម្ដងទៀតឱ្យក្រុមសម្ព័ន្ធមិត្តបង្កើនខ្ទង់ចំណាយ និងការពារខ្លួនដោយខ្លួនឯង ជៀសវាងពឹងផ្អែកតែទៅលើអាមេរិកជាអ្នកការពារ៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ