ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP​ ប្រកាស​លទ្ធផលតួនាទី​គណបក្ស​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និងការ​ចូលរួម​វេទិកា​អនាគត​អាស៊ាន​លើក​ទី​៣

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ប្រកាស​លទ្ធផល​តួនាទី​គណបក្ស​នយោបាយ​ នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន និងការ​ចូលរួម​វេទិកា​អនាគត​អាស៊ាន ​លើក​ទី​៣ ​។

តប​តាម​ការ​អញ្ជើញ​របស់​បក្ស​កុ​ម្មុ​យ​នីស្ត​វៀតណាម គណៈប្រតិភូ​គណបក្សប្រជាជន​កម្ពុជា ​ដឹកនាំដោយឯកឧត្តម សួ​ស យ៉ា​រ៉ា អនុប្រធាន​ទី​១ គណៈ​ទាក់ទង​ការ​បរទេស ​នៃ​គណៈកម្មាធិការ​កណ្តាល​ បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តុមូល​រៀបចំ​ដោយ​វិទ្យាស្ថាន​ការទូត​វៀតណាម (DAV) ក្រោម​ប្រធានបទ​ស្តី​ពី «​តួនាទី​គណបក្ស​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍ ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​» នៅ​ក្នុង​ឱកាស​ ដែលសា​ធារណ​រដ្ឋ​សង្គមនិយម​វៀតណាម ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៃ​វេទិកា​អនាគត​អាស៊ាន​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​៨ ដល់ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ នៅ​រដ្ឋធានី​ហាណូយ ដោយ​ទទួល​បាន​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ឯកឧត្តម ឡេ ហា​យ​ជុង រដ្ឋមន្ត្រី​ការ​បរទេស​វៀតណា​ម និង​ជា​លេខាធិការ​គណៈ​ក​ម្មា​ធិការ​បក្ស​ក្រសួងការ​បរទេស​ ។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង​អំពី​សារៈសំខាន់ ​នៃ​តួនាទីគណបក្ស​នយោបាយ ក្នុង​កា​រត​ភ្ជាប់​រវាង​ប្រជាជន ទៅ​កាន់​សភា និង​រដ្ឋាភិបាល​ ។

កិច្ច​សន្ទនា ​នៃ​គណបក្សនយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺជា​យន្តការ​បំពេញបន្ថែម​ដល់​យន្តការ​ផ្លូវការ​អា​ស៊ាន ដើម្បី​កសាងទំនុកចិត្ត​នយោបាយ និង​ឯកភាព​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​កសាង​សហគមន៍​អាស៊ាន​ ឆ្នាំ​២០៤៥​ ។

ឆ្លើយ​តប ទៅ​នឹង​បញ្ហា​ប្រឈម​សកល​ និង​តំបន់​រួម​មាន សេរីភាព​នាវាចរណ៍ សន្តិសុខ​ស្បៀង​ និង​ថាមពល ការ​អភិ​វឌ្ឍ ដោយ​ចីរភាព និង​បញ្ហា​ប្រឈម​ឆ្លង​ដែន ឯកឧត្តម ​បាន​គូសបញ្ជាក់​អំពី​ភាព​ចាំបាច់ ​នៃ​កិច្ច​សហប្រតិបត្តិការ នយោបាយ និង​ទំនួល​ខុស​ត្រូវ​រួម ដែល​តួនាទី​គណបក្ស​នយោបាយ​អាច​គាំទ្រ​ការ​សន្ទនា ភាព​អត់ធ្មត់ និងការ​គោរព​ច្បាប់​អន្តរជាតិ​យ៉ាង​ពេញលេញ​ ។

ជាក់ស្តែង យន្តការ​គណបក្ស​ន​យោបាយ​រួម​មាន​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) និង​យន្តការ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី និង​ត្រីភាគី​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា បក្ស​កុម្មុយនីស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ គឺជា​គំរូ​មួយ ​នៃកិច្ច​សន្ទនា​នយោបាយ​នៅ​ក្នុង​តំបន់​។ កម្ពុជា ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ច​សន្ទនា​ការទូត ការ​ដោះ​ស្រាយជម្លោះ​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ និង​ចូលរួម​ថែរក្សា​សន្តិភាព ​និង​ស្ថិរភាព ដើម្បី​ការ​អភិវឌ្ឍ ​និង​វិបុលភាព​រួម​ក្នុង​តំបន់ ​។

កិច្ច​ពិភាក្សា​តុមូល​ នៃ​គណបក្ស​ន​យោបាយ​មក​ពី​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ទី​១ នៅ​ក្នុង​វេទិកា​អនាគត​អាស៊ាន​ លើក​ទី​៣ ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ចំនួន​១១ មក​ពី ៨​ប្រទេស រួម​មាន ​៖ កម្ពុជា ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី ទី​ម័​រ​ឡេ​ស្តេ​រ ថៃ និង​វៀតណាម​ ។ កិច្ច​ពិភាក្សា​តុមូល បាន​ពិភាក្សា​លើ​ប្រធានបទ​ ចំនួន​៣ ដើម្បី​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ ២០៤៥ ប្រកបដោយ​ភាព​ធន់ នវានុវត្តន៍ ថាមវន្ត និង​ប្រជាជន​ជា​ស្នូល រួម​មាន​៖ ១) ការ​កសាង​ជំនឿ​ទុកចិត្ត​ក្នុង ចំណោម​គណបក្ស​នយោបាយ ​ដើម្បី​អាស៊ាន​រឹង​មាំ និង​មាន​ភាព​ធន់ ២) បទ​ពិសោធន៍​ក្នុង​អភិបាលកិច្ច និង​ការ​ពង្រីក​សហប្រតិបត្តិការ ក្នុង​ចំណោម​គណបក្ស​នយោបាយ​នៅ​ក្នុង​ដំណើ​ការ​កសាង​សហគមន៍ អាស៊ាន និង ៣) លើកកម្ពស់​តួនាទី​គណបក្ស​នយោបាយ ក្នុង​ការ​លើកកម្ពស់​សហប្រតិបត្តិការ​អាស៊ាន និង​សម្រេច​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥​។

កិច្ចប្រជុំ​បាន​ឯកភាព​ថា កិច្ច​សន្ទនា​គណបក្ស នយោបាយ​គឺជា​យន្តការ​ការទូត​ផ្លូវ​ក្រោយ (Track 2) ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សម្រាប់ តំបន់​អាស៊ាន បន្ថែម​លើ​យន្តការ​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​អាស៊ាន (ASEAN) និង​កិច្ច​សហ​ប្រតិបត្តិ ការ​សភា​អាយ​ប៉ា (AIPA) ហើយនឹង​បន្ត​រៀបចំ​ដោយ​វិទ្យាស្ថាន​វិជ្ជាជីវៈ​ការទូត​វៀតណាម (DAV) ជា រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​វេទិកា​អនាគត​អាស៊ាន​។

គណៈប្រតិភូ​គណបក្ស​នយោបាយ​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​អនាគត អាស៊ាន​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ ដែល​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​មក​ពី​កម្ពុជា ឡាវ ទី​ម័​រ​ឡេ​ស្តេ ថៃ និង​វៀតណាម​។ ឯកឧត្តម គ្រិ​ន គឹ​ម​ទូ សមាជិក​ការិយាល័យ​នយោបាយ និង​ជា សមាជិក​ប្រចាំការ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ក៏​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​គណបក្ស នយោបាយ​មក​ពី​តំបន់​អាស៊ី​អេ​គ្នេ​យ៍​ចូល​ជួប​សម្តែង​ការ​គួរសម ដែល​ក្នុង​ឱកាស​នោះ ឯកឧត្តម សួ​ស យ៉ា​រ៉ា ក៏​បាន​រំលឹក​អំពី​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម គ្រិ​ន កឹ​ម​ទូ មក​កម្ពុជា​ជា​លើក​ទី​១ កាលពី​ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ​។

នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ គណៈ​ប្រ​តិ ភូ​កម្ពុជា​ក៏​បាន​ចូលរួម​អម​ក្នុង​ជំនួប​សម្តែង​ការ​គួរសម រវាង ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស វៀតណាម ដើម្បី​រឹតចំណង​មិត្តភាព​និង​សហប្រតិបត្តិការ​រវាង​បក្ស រដ្ឋ និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​ ៕