រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈលោកអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យកាន់សកម្ម និងបានល្អប្រសើរថែមទៀត ព្រមទាំងជំរុញផ្សព្វផ្សាយអំពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (On line) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ។
លោកស្រី ដោ សម្ផស្ស បានបន្តថា លោក ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនារសៀលនេះ គឺមិនមែនជាលើកទី១ នោះទេ ។ លោកអភិបាលតែងតែក្រើនរំលឹក និងណែនាំជាប់ជាប្រចាំ ធ្វើយ៉ាងណា ដើម្បីជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ យកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត ៕




ចែករំលែកព័តមាននេះ