ខេត្តបាត់ដំបង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់ថា ៖ «ការផលិតសម្ភារៈយោធា គឺដើម្បីការពារខ្លួន មិនមែនដើម្បីឈ្លានពានប្រទេសណាឡើយ» ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធា នៅខេត្តបាត់ដំបង នៅរសៀល ទី១១ ខែមិថុនា ឆ្នាំ២០២៦ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាល គឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង ។
សម្តេចតេជោ ក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធា ដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះ បានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ ។
សម្ដេចក៏បានមានប្រសាសន៍អំពីគុណភាពអាវក្រោះ ដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សាករួចហើយដែរ ។
សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ ។
ពាក់ព័ន្ធទៅនឹងការផលិតសម្ភារៈយោធា សម្តេចតេជោ ថ្លែងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាលកម្ពុជា លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ។ សម្តេចបន្តថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ ។
សម្តេចបានបញ្ជាក់ថា កម្ពុជាមិនដែលឈ្លានពាន មិនដែលគំរាមកំហែងប្រទេសណានោះទេ។ កម្ពុជាធ្លាប់នាំកងទ័ពចេញពីប្រទេសខ្លួន ប៉ុន្តែជាការចូលរួមរក្សាសន្តិភាពជាមួយ UN ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវដំណោះស្រាយដោយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណា ដែលមកវ៉ៃកម្ពុជានោះដែរ។ កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបថក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា គោលដៅរបស់ប្រទេសកម្ពុជា សម្រាប់ការផលិតសម្ភារៈយោធា ត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស ។
រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបង។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួន ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ដូចជា អាវក្រោះ មួកការពារសុវត្ថិភាព ។ល៕



















ចែករំលែកព័តមាននេះ