ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​អាវ​ក្រោះ​ស្តង់ដារ​អន្តរជាតិ ដែល​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ

12 ម៉ោង មុន

ខេត្តបាត់ដំបង ៖ នៅ​រសៀល ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​មក​ពិនិត្យ​មើល​ដំណើរការ​រោងចក្រ​ផលិត​សម្ភារៈ​យោធា DSS នៅ​ខេត្តបាត់ដំបង និង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជាង ២០០​នាក់ ។

រោងចក្រ​រោងចក្រ DSS ជា​រោងចក្រ​ខ្មែរ ផលិត​ដល់​កូន​ខ្មែរ និង​កំពុង​ដំណើរការ​ផលិត​សម្ភារៈ​យោធា នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ​។ នៅ​ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​ចង្វាក់​ផលិតកម្ម នៃ​រោងចក្រ DSS ផលិត​សម្ភារៈ​យោធា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ពិនិត្យ​មើល​គ្រប់​ដំណើរការ នៃ​ការ​ផលិត​សម្ភារៈ​យោធា​ទាំងអស់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វត្ថុធាតុដើម រហូត​ដល់​ផលិតផល​សម្រេច​។ រោងចក្រ​នេះ មាន​ផលិត​សម្ភារៈ​យោធា​មួយ​ចំនួន​ដូច​ជា អាវ​ក្រោះ មួក​ការពារ​សុវត្ថិភាព ។​ល​។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នា​ឱកាស​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ផលិត​សម្ភារៈ​យោធា​របស់​កម្ពុជា​នេះ គឺ​មិនមែន​សម្រាប់​យក​ទៅ​ឈ្លានពាន​អ្នក​ណា​នោះ​ទេ ហើយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​គឺ​ក្រោយ​មាន​រោងចក្រ DSS នេះ ទាំង​កងកម្លាំង​យោធា និង​នគរបាល គឺ​ពុំ​បាន​នាំ​សម្ភារៈ ឬ​អាវ​ក្រោះ​មក​ពី​ប្រទេស​ក្រៅ​ទៀត​ទេ គឺ​ប្រើប្រាស់​សម្ភារៈ​របស់​ខ្មែរ​ផ្ទាល់​តែ​ម្ដង​។

សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ឱ្យ​មានការ​លក់​សម្ភារៈ​ឯកសណ្ឋាន​យោធា ដែល​កម្ពុជា​ផលិត​បាន​នៅ​ទី​នេះ លក់​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​ការ​លក់​ទៅ​ក្រៅប្រទេស​នេះ ធ្វើ​បាន​តែ​ទៅ​ប្រទេស ដែល​រដ្ឋាភិបាល​ប្រទេស​នោះ បាន​បញ្ជាក់​ជាមួយ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​អំពី​គុណភាព​អាវ​ក្រោះ ដែល​ផលិត​នៅ​កម្ពុជា​នេះ គឺ​មាន​ស្តង់ដារ​អន្តរជាតិ ហើយ​អាវ​ក្រោះ​នេះ ក៏​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​កម្ពុជា សាក​រួច​ហើយ​ដែរ ។

សម្ដេច​បន្ត​ទៀត​ថា ហើយ​ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជា​ទិញ​ឯកសណ្ឋាន​យោធា​ពី​រោងចក្រ DSS នេះ មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៧,៥ លាន​ដុល្លារ​រួច​ហើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​សម្ភារៈ​យោធា សម្តេច​តេ​ជោ ថ្លែង​ថា សម្តេច​នឹង​បន្ត​ជួយ​រដ្ឋាភិបាល​កម្ពុជា លើ​ការ​ផលិត​សម្ភារៈ​ដទៃ​ទៀត ដែល​ទាក់ទង​នឹង​វិស័យ​សន្តិសុខ​ជាតិ និង​វិស័យ​ការពារ​ជាតិ ។

សម្តេច​បន្ត​ថា ដូនតា​ខ្មែរ​ធ្លាប់​ធ្វើ​ដល់​អង្គរវត្ត​កាលពី​បុរាណ ដូច្នេះ​ការ​ផលិត​ត្រឹម​សម្ភារៈ​យោធា នឹង​មិន​លំបាក​សម្រាប់​កូន​ខ្មែរ​ជំនាន់​នេះ​ឡើយ ។

សម្ដេច​តេ​ជោ បាន​ជូនពរ​ដល់​បងប្អូន​កម្មករ កម្មការិនី ទាំងអស់​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​សម្ភារៈ​យោធា DSS ទាំងអស់ សូម​ជួប​តែ​សេចក្ដីសុខ សេចក្ដីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច ៕