ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាអាមេរិក និងអ៊ីរ៉ង់អាចនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ៗនេះហើយ ប្រហែលនៅក្នុងសប្ដាហ៍នេះក៏អាចថាបាន។ តាមរយៈកិច្ចព្រមព្រៀងនេះ ច្រកសមុទ្រហ័រម៉ូសនឹងបើកដំណើរការឡើងវិញដើម្បីឱ្យកប៉ាល់ដឹកទំនិញអាចបើកចេញចូលជាធម្មតា។ កិច្ចព្រមព្រៀងនេះ ប្រសិនបើសម្រេចយកជាបានការ អាចនឹងក្លាយជាការរកឃើញដំណោះស្រាយដ៏សំខាន់មួយផ្នែកការទូតដើម្បីបិទបញ្ចប់សង្គ្រាមរយៈពេលបីខែកន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានហ្វាស់ (Fars) របស់អ៊ីរ៉ង់រាយការណ៍ថារដ្ឋាភិបាលទីក្រុងតេអេរ៉ង់អាចនឹងអនុម័តកិច្ចព្រមព្រៀងនោះ។ គ្រាន់តែថាសម្រាប់ពេលនេះ អ៊ីរ៉ង់មិនទាន់ផ្ដល់ចម្លើយតបជាផ្លូវការនៅឡើយទេ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាយើងទើបតែឈានដល់កិច្ចព្រមព្រៀងគ្នាដ៏សំខាន់មួយជាមួយអ៊ីរ៉ង់។ ច្រកសមុទ្រហ័រម៉ូសនឹងបើកដំណើរការឡើងវិញជាផ្លូវការនៅពេលយើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ, អាចនឹងចុះហត្ថលេខានាពេលឆាប់ៗបំផុតនេះ, ប្រហែលជានៅចុងសប្ដាហ៍នេះម៉ោងនៅអឺរ៉ុប។

អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន អាចមានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះតំណាងឱ្យអាមេរិក។ នេះបើតាមការអះអាងរបស់លោកត្រាំ។ លោកត្រាំប្រកាសដូចខាងលើនេះបន្ទាប់ពីលោកផ្អាកផែនការវាយប្រហារទៅលើអ៊ីរ៉ង់ដោយយោងទៅលើលទ្ធផលចរចាមានដំណើរការទៅមុខ។ ចាប់តាំងពីពាក់កណ្ដាលខែមីនាមក លោកត្រាំធ្លាប់និយាយជាច្រើនលើកច្រើនសាថាអាមេរិក និងអ៊ីរ៉ង់ជិតសម្រេចបានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម។ ភាគីទាំង២បាញ់ប្រហារគ្នាទៅវិញទៅមកពេញមួយសប្ដាហ៍ ហើយធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយដែលភាគីទាំង២សម្រេចគ្នាកាលពីខែមេសានោះសឹងតែខូចការណ៍ម្ដងៗ។

ទោះជាបែបនេះក្ដី ប្រភពពីក្រុមបស្ចិមប្រទេសឱ្យដឹងថាភាគីទាំង២នៅតែខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីបិទបញ្ចប់អរិភាព។ ប្រភពបីនាក់ពីខាងអ៊ីរ៉ង់ថ្លែងថាភាគីទាំង២ឈានដល់ការយល់គ្នាអំពីនយោបាយ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនត្រូវការដោះស្រាយគ្នាជាបន្តទៀត។ ក្នុងនោះមានយន្តការនៃការបញ្ចេញយកប្រើឡើងវិញនូវទឹកប្រាក់រាប់សិបពាន់លានដុល្លារបានមកពីការលក់ប្រេងរបស់អ៊ីរ៉ង់ និងដែលត្រូវបានបង្កកទុកនៅក្នុងធនាគារបរទេស។ ប្រសិនបើមានកិច្ចព្រមព្រៀងមែន អ៊ីរ៉ង់ត្រូវឈប់បិទច្រកហ័រម៉ូស ហើយអាមេរិកក៏លែងបិទច្រកសមុទ្រអ៊ីរ៉ង់តទៅទៀតដែរ៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ