ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ បង្ហើបពីការចុះហត្ថលេខាបញ្ចប់ជម្លោះជាមួយអ៉ីរ៉ង់នៅចុងសប្ដាហ៍នេះ

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អាមេ​រិ​ក ​លោក​ដូ​ណា​ល់​ ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​១១​ មិថុនា​ ថា បាន​លុប​ចោលការ​វាយប្រហារ​ថ្មី​ៗ ប្រឆាំង​អ៉ី​រ៉​ង់​ដោយ​អះអាង​ថា មានការ​រីក​ចម្រើន​ខ្លាំង​សម្រេច​បាន​ក្នុង​ការ​ចរចា សំដៅ​បញ្ចប់សង្គ្រាម​ ។ សេចក្ដី​ប្រកាស​នោះ​របស់​លោក​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​គំរាម​វាយប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់ ដោយ​ដណ្ដើម​ត្រួតត្រា​ឧស្សា​ហកម្ម​ប្រេង​អ៉ី​រ៉​ង់​។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ លោក​ត្រាំ​ថ្លែង​ជា​ច្រើន​លើក​មក​ហើយ​ថា ភាគី​ច្បាំង​គ្នា​កំពុង​តែ​ឈាន​ទៅ​ចុះ​ហត្ថ​
​​លេខា​លើ​កិច្ចព្រមព្រៀង​ តែ​ពុំ​ឃើញ​មាននៅ​ឡើយ​ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់ ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ ជាមួយ​ទូរទស្សន៍​រដ្ឋ​ថា បណ្ដា​អ្នក​អាជ្ញាកណ្ដាល​បាន​ខិតខំ​ និង​នៅ​មិន​ទាន់​បង្ហើយ​កិច្ចការ​សំដៅ​បញ្ចប់​ជម្លោះ​នៅឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​បើក​ធ្វើ​សន្និសីទ​មួយ​នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន កាលពី​ថ្ងៃ​ទី​១១​ មិថុនា​ នា​វេលា​រសៀល​​ដោយ​ថ្លែង​ថា យើង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដ៏​ល្អ​បំផុត​ស្ដី​ពី​សង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់​។ លោក​មិន​បាន​ផ្ដល់​ភាព​លម្អិត​ឡើយ ដោយ​គ្រាន់តែ​គូសបញ្ជាក់​ថា លោក​រង់ចាំ​កិច្ចព្រមព្រៀង​មួយ​សំដៅ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ ចាប់ផ្ដើម​ពី​ខែមេសា​មក ត្រូវ​បាន​បង្ហើយ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ។

ការ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​អាច​ឲ្យ​បណ្ដា​មេដឹកនាំ​អា​មេ​រិ​ក​នូវ​ពេលវេលា​ច្រើន​ថែម​ទៀត សម្រាប់​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៉ីរ៉​ង់​ជា​រឿង​សំខាន់ ដែល​លោក​ដូ​ណា​ល់​ត្រាំ​ និង​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​លើក​ឡើង ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​អ៉ី​រ៉​ង់ ​។ ខុ​ន្ទ​កាល័យ​លោក​នេ​តាន់​យ៉ា​ហ៊ូ​ ថ្លែង​នា​ថ្ងៃ​ទី​១១​ មិថុនា​ ថា អ៉ី​ស្រា​អែ​ល​មិន​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់​ឡើយ​។

ការ​ប្រកាស​នោះ​ របស់​លោក​ត្រាំ​កើត​មាន ​បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អា​មេ​រិ​ក​ និង​អ៉ី​រ៉​ង់​ដែល​រុញច្រាន​តំបន់​ម​ជ្ឈឹ​ម​បូព៌ាទៅ​ដល់​មាត់ជ្រោះ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ទាំងស្រុង​ជា​ថ្មី​ ។ មុន​នេះ ​នា​ថ្ងៃ​ទី​១១ ​មិថុនា​ ដែរ​ លោក​ត្រាំ​បាន​គំរាម​​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ៉ី​រ៉​ង់ ហើយ​ដណ្ដើម​ត្រួតត្រា​ឧស្សាហកម្ម​ប្រេង​អ៉ី​​រ៉​ង់ ​។ ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្ក​ម លោក​ត្រាំ​លើក​ឡើង​ថា នឹង​វាយប្រហារ​អ៉ី​រ៉​ង់​ខ្លាំងក្លា​បំផុត​នា​យប់​ថ្ងៃ​ទី​១១​ មិ​ថុ​​នា ហើយ​ដណ្ដើម​ត្រួតត្រា​ទាំងស្រុង​ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន​អ៉ី​រ៉​ង់ ក្នុង​នោះ​ មាន​ទាំង​ទីតាំង​ប្រេង​នៅ​កោះ​ KHARG ក្នុង​ពេល​ខាង​មុខ​មិនយូរ​ឡើយ​ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​លោកអ៉ី​ស្មា​អ៉ី​ល​បា​ហ្គា​អី ថ្លែង​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ទូរទស្សន៍​រដ្ឋ​ថា អត្ថបទ​នៃ​កិច្ចព្រមព្រៀង​ជិត​បង្ហើយ​ទាំងស្រុង​ហើយ​។ ការ​ខ្វែងគំនិត​គ្នា​ គឹ​លើ​ជំហរ​របស់​អា​មេ​រិ​ក ដែល​បង្ក​ការ​លំបាក​ក្នុង​ដំណើរការ​ចរចា​។

ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​ថ្លៃ​ង​នា​ថ្ងៃ​ទី​១១ ​មិថុនា​ ដែរ​ ថា មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​ម៉ូ​សតា​បា​ខា​មេ​នី បាន​ផ្ដល់​សុពលភាព​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ​ដោយ​លោក​ថា​ កិច្ចព្រមព្រៀង​នោះ​អាច​ចុះហត្ថលេខា​នា​ចុង​ស​ប្ដា​ហ៍​នេះ​នៅ​អឺរ៉ុប តែ​ក្រសួងការបរទេស​អ៉ី​រ៉​ង់​អះអាង​ថា អ៉ី​រ៉​ង់​នៅ​មិន​ទាន់​ធ្វើការ​សម្រេច​ចិត្តជា​ស្ថាពរ​លើ​កិច្ចព្រមព្រៀង​នោះ​នៅឡើយ​ ។

លោក​ថា ​កិច្ចព្រមព្រៀង​នោះ​អាច​ចុះហត្ថលេខា​នៅ​អឺរ៉ុប ដោយ​លោក​មិន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ឡើយ តែ​មាន​វត្តមាន​របស់​អនុ​ប្រធានាធិប​តី​លោក​ឌី​ជីវ៉ា​ន់​។ លោក​លើក​ឡើង​ទៀត​ថា មេ​ដឹក​នា​កំពូល​អ៉ី​រ៉​ង់​ផ្ដល់​សុពលភាព​លើ​អ្វី​ដែល​លោក​ចាត់​ទុក​ថា កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ដែល​រឹង​មាំ​បំផុត​ និង​លម្អិត​បំផុត​ជាមួយ​សហរដ្ឋអាមេរិក​ ៕