ខេត្តស្វាយរៀង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល នៅស្រុកចន្ទ្រា ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រកាសនាព្រឹកថ្ងៃទី១២ ខែមិថុនានេះ។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តចុះធ្វើរដ្ឋបាលស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន១៣នាក់ ស្រី០៣នាក់ ជាជនជាតិវៀតណាម ។

ចំពោះដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទស៊ីល បិទទីតាំងបណ្ដោះអាសន្ន ៕




ចែករំលែកព័តមាននេះ