ទីក្រុងបាងកក៖ នៅទីបំផុត ព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបានសោយទិវង្គតហើយនៅក្នុងជន្មាយុ៤៧ព្រះវស្សាដោយរោគាពាធ។ នេះបើយោងតាមព្រឹត្តិបត្តិព្រះបរមរាជវាំងដែលផ្សព្វផ្សាយកាលពីមុននេះបន្តិច។ ព្រះនាងសន្លប់បាត់ស្មារតីអស់រយៈពេលជិត៤ឆ្នាំ មុននឹងឈានដល់ជីវិតចុងក្រោយ។ ព្រះអង្គម្ចាស់ក្សត្រីបាចារ៉ាក់គីតទីយ៉ាផាដែលជាបុត្រីច្បងគេបង្អស់របស់ព្រះមហាក្សត្រថៃមហាវេជ្ជរ៉ាឡុងកនត្រូវគេដឹកទៅមន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២បន្ទាប់ពីព្រះនាងដួលសន្លប់ដោយសារធ្វើទុក្ខបេះដូង និងការឆ្លងមេរោគដទៃទៀត។ ចាប់ពីពេលនោះមក ព្រះនាងសន្លប់បាត់ស្មារតីជារៀងរហូត។

កាលពីថ្ងៃទី២១ ខែឧសភា ស្ថានភាពជំងឺរបស់ព្រះនាងកាន់តែធ្ងន់ធ្ងរឡើងដោយសារមេរោគបានឆ្លងចូលទៅក្នុងសរីរៈរាងជាច្រើន។ ចំណែកក្រុមគ្រូពេទ្យក៏មិនអាចដោះស្រាយបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតីនោះដែរ។ បន្ទាប់ពីប្រើពេលជាច្រើនឆ្នាំដើម្បីព្យាបាល ក្រុមគ្រូពេទ្យរកឃើញការឆ្លងមេរោគនៅក្នុងក្រពះរបស់ព្រះនាង។ អីចឹងហើយបានជាធ្វើឱ្យរលាកនៅក្នុងពោះវៀនធំកាលពីខែមេសា។ បញ្ហានេះធ្វើឱ្យសម្ពាធឈាមរបស់ព្រះនាងធ្លាក់ចុះខ្លាំង ហើយធ្វើឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី។

ព្រះនាងទទួលការបណ្ដុះបណ្ដាលនៅអង់គ្លេស អាមេរិក និងថៃ ធ្លាប់កាន់តំណែងនៅអង្គការសហប្រជាជាតិ និងធ្លាប់បើកយុទ្ធនាការឱ្យមានការគោរពចំពោះតម្លៃស្ត្រីដែលជាប់ពន្ធនាគារ។ នៅប្រទេសថៃ គេច្រើនស្គាល់ព្រះនាងថា «ព្រះអង្គម្ចាស់ក្សត្រីផា»។ ព្រះនាងមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះបិតា ហើយត្រូវបានតែងតាំងជាអង្គរក្សផ្ទាល់របស់ព្រះអង្គថែមទៀតផងមុនពេលព្រះនាងធ្លាក់ខ្លួនឈឺ។ ប្រទេសថៃកើតមានការសោយទិវង្គតនៃព្រះញាតិវង្សានុវង្សជាបន្តបន្ទាប់។ កាលពីឆ្នាំមុន សម្ដេចម៉ែបានសោយទិវង្គតនៅក្នុងជន្មានយុ៩៣ព្រះវស្សា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ