កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បង្ក្រាបស្កេមអនឡាញ ឃាត់ខ្លួនជនជាតិបង់ក្លាដេស១៤នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានធ្វើការបង្ក្រាបបទល្មើសOnline Scams ចំនួន២ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិបង់ក្លាដេសសរុបចំនួន១៤នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
ប្រតិបត្តិការនោះបានធ្វើឡើង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១០៦ ផ្លូវលេខ០៩ និងផ្ទះលេខ០៧ ផ្លូវលេខ០៣ បុរីពិភពថ្មីផ្លូវជាតិលេខ៣ គម្រោង១ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃនោះគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកកនាំដោយលោក អភិបាលខណ្ឌឃឹម ស៊ុនសូដា បានបន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ។ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងបុរីពិភពថ្មីខាងលើនោះ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ខណៈនោះកម្លាំងបានស្រាវជ្រាវរកឃើញទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទាំង២ទីតាំង ។ ពេលនោះក៏បានធ្វើការឡោមព័ទ្ធនិងចូលទៅបង្ក្រាប ដោយឃាត់ខ្លួនជនបរទេស ជាជនជាតិបង់ក្លាដែសបានចំនួន១៤នាក់ ។ ព្រមទាំងដកហូតបានវត្ថុតាងបម្រើឲ្យបទល្មើស ONLINE SCAMSមួយចំនួន បន្ទាប់មកបានបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត ៕








ចែករំលែកព័តមាននេះ