ប្រទេសអង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកគៀរ ស្តាម័រ ដែលកំពុងជួបការលំបាកស្រាប់ រងសម្ពាធមួយថែមទៀត កាលពីថ្ងៃទី១១ មិថុនា មានការសុំលាលែងជាចង្កោមរបស់មនុស្សសំខាន់ច្រើនរូបនៃក្រសួងការពារប្រទេស ក្នុងនោះ មានទាំងរដ្ឋមន្ត្រីលោក JOHN HEALEY ផងដែរ ។ លោកបានរិះគន់ចំពោះការខ្វះមធ្យោបាយនានាផ្ដល់ដល់កងទ័ព ពេលកំពុងមានការកើនឡើងនៃការគំរាមកំហែងដល់សន្តិសុខ ។

នាល្ងាចថ្ងៃទី១១ មិថុនា នោះ វិមានរដ្ឋាភិបាលអង់គ្លេស ប្រកាសពីការតែងតាំងលោក DAN JARVIS អតីតនាយទាហានមួយរូបនៃកងទ័ពឲ្យកាន់តំណែងរដ្ឋលេខាធិការសន្តិសុខ ក្នុងផ្ទៃក្រសួងមហាផ្ទៃ ។ ចាប់តាំងពីច្រើនខែមកហើយ ក៏ទោះបីមានការព្រួយបារម្ភនានាក្នុងផ្ទៃកងទ័ព ក៏រដ្ឋាភិបាលនៅតែយឺតយ៉ាវក្នុងការចេញផ្សាយផែនការវិនិយោគក្នុងកិច្ចការពារ ដែលដំបូងគ្រោងធ្វើនាដំណាច់ឆ្នាំ២០២៥ មកពីបញ្ហាលំបាកខាងថវិកា ។
ទីបំផុត លោកJOHN HEALEY ជាមនុស្សសំខាន់ក្នុងរដ្ឋាភិបាលប្រកាស នាថ្ងៃទី១១ មិថុនា ពីការសុំលាលែងចេញពីតំណែង។ បន្ទាប់មករដ្ឋលេខាធិការក្រសួងកងទ័ពលោកAL CARNS និងសហការីម្នាក់ លោកស្រី PAMELA NASH ក៏សុំលាលែងដែរ។ ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រីអះអាងថា លោកនឹងធ្វើនូវអ្វីដែលលោកត្រូវធ្វើ ដើម្បីធានាសន្តិសុខរបស់អង់គ្លេស។
ការសុំលាលែងជាចង្កោមបែបនេះ ជាសម្ពាធថ្មីមួយទៀត លើនាយករដ្ឋមន្ត្រីដែលជួបបញ្ហានយោបាយចាប់តាំងពីច្រើនខែមកហើយ និងជួបការកំរាមដោយការតវ៉ាផ្ទៃក្នុងគណបក្សការងាររបស់លោក ខណៈសល់ពេលតែ១សប្ដាហ៍ទៀតដល់ការបោះឆ្នោតសភាមួយផ្នែកដ៏សំខាន់ ៕

ចែករំលែកព័តមាននេះ