ប្រវត្តិរឿងរ៉ាវតំណាល និងការវិវត្តនៃ «បុរីវប្បធម៌កោះសំពៅមាស» ដួងព្រលឹងនៃខេត្តពោធិ៍សាត់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ទឹកដីខេត្តពោធិ៍សាត់ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ១៨៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ មិនត្រឹមតែល្បីល្បាញខាងធនធានធម្មជាតិដ៏ស្តុកស្តម្ភដូចជា ព្រៃឈើ ភ្នំថ្មកែវ ទឹកធ្លាក់ និងជីវៈចម្រុះនៃបឹងទន្លេសាបសម្បូរទៅដោយមច្ឆជាតិប៉ុណ្ណោះទេ ប៉ុន្តែខេត្តដែលមានក្រុងចំនួន១ និងស្រុកចំនួន៦នេះ ថែមទាំងមានតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ទាក់ទាញមួយ គឺ «បុរីវប្បធម៌កោះសំពៅមាស» ។

បើតាមប្រភពព័ត៌មានពីមន្ត្រីជើងចាស់នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ត្រូវបានអង្គភាពព័ត៌មានដកស្រង់ឱ្យដឹងថា ប្រវត្តិរឿងរ៉ាវនិងដំណើរវិវត្តន៍នៃ «កោះសំពៅមាស» ពីមុនគឺជាកោះធម្មជាតិមួយ ដែលផុសអណ្តែតឡើងនៅចំកណ្តាលស្ទឹងពោធិ៍សាត់ ។ កោះនេះមានទីតាំងស្ថិតនៅចន្លោះមុខសាលាខេត្ត និងមន្ទីរពេទ្យបង្អែកសំពៅមាស ដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីគល់ស្ពានថ្មតាមផ្លូវលេខ១០១ ។
ប្រភពដដែលបន្តថា «កោះសំពៅមាស» មានប្រវត្តិរឿងរ៉ាវតំណាលតៗគ្នាមកថា អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកកឿងជាប់គាំងនៅចំកណ្តាលស្ទឹងនោះ ដោយមិនអាចបើកទៅមុខ ឬថយក្រោយរួចឡើយ ។ លុះកន្លងទៅជាច្រើនឆ្នាំ សំពៅដែលជាប់គាំងនោះ ក៏បានកកកុញដីខ្សាច់ពូនឡើង រហូតបង្កើតបានជាកោះមួយនៅចំកណ្តាលស្ទឹង ។ ដោយសារហេតុនេះហើយ ទើបអ្នកស្រុកតំបន់នោះនាំគ្នាហៅទីនោះថា «កោះសំពៅមាស» ជាប់រហូតមក ។ ដើម្បីលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ខ្មែរ កោះធម្មជាតិមួយនេះ ត្រូវបានកែប្រែសោភ័ណភាពជាបន្តបន្ទាប់ ដោយបានកសាងស្ពានឆ្លងកាត់ចាក់គ្រឹះបេតុងការពារជុំវិញកោះ សាងសង់ស្តូប និងវេទិកា ចាប់តាំងពីឆ្នាំ២០០៧មក ។

កោះនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ គម្រោងកែប្រែមុខមាត់ថ្មីនៃកោះសំពៅមាសនេះ ទទួលបានការយកចិត្តទុកដាក់និងឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង ស៊ុយ សែម រួមជាមួយអាជ្ញាធរខេត្តគ្រប់ជំនាន់ ។

ក្រោមម្លប់នៃសន្តិភាព បច្ចុប្បន្នកោះសំពៅមាស ត្រូវបានប្រសិទ្ធនាមថា «បុរីវប្បធម៌កោះសំពៅមាស» និងមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដោយមានទីធ្លាធំទូលាយ ស្រោបដោយការ៉ូម៉ាបក្រានីត និងតុបតែងដោយសួនច្បារស្រស់ស្អាត បំពាក់ដោយភ្លើងពណ៌ចម្រុះស្រស់បំព្រងនៅពេលរាត្រី និងហ៊ុមព័ទ្ធទៅដោយផ្ទៃទឹកស្ទឹងដ៏ថ្លាយង់ ។ ទីតាំងនេះ បានក្លាយជាទីតាំងលំហែកាយ ហាត់ប្រាណ និងជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យជាតិធំៗរបស់ខេត្ត ។
ភ្ញៀវទេសចរដែលបានមកដល់ទីរួមខេត្តពោធិ៍សាត់ តែងតែចូលមកអុជធូបបន់ស្រន់សុំសេចក្តីសុខពី«បារមីព្រះអង្គចៅសែន ចុងកោះ និងអ្នកតាក្បាលកោះសំពៅមាស» ទៅតាមជំនឿរៀងៗខ្លួនមិនដែលខានឡើយ ។ បច្ចុប្បន្ន «បុរីវប្បធម៌កោះសំពៅមាស» បានក្លាយជាដួងព្រលឹង និងជាចំណុចទាក់ទាញចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិដ៏សំខាន់ ដែលមិនអាចរំលងបាន នៅក្នុងទឹកដីខេត្តពោធិ៍ សាត់ ៕

ចែករំលែកព័តមាននេះ