ប្រតិបត្តិការទ្រង់ទ្រាយធំ ! ឆែកឆេរឃ្លាំងសាច់បង្កក ៥១ទីតាំង រកឃើញ៤ទីតាំងនាំចូលពីថៃ និងឃាត់ខ្លួនម្ចាស់ទីតាំងទាំងនោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងសិប្បកម្មឃ្លាំងស្តុកសាច់បង្កក និងប្រហិតគ្រប់ប្រភេទ ចំនួន ៥១ទីតាំង នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព នៅតាមបណ្ដាខណ្ឌទាំង១៤ ចុះឆែកឆេរដោយរកឃើញទំនិញនាំចូលពីប្រទេសថៃ ចំនួន៤ទីតាំង ហើយសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង ចាត់ការតាមច្បាប់ និងបិទឃ្លុំបេឃ្លាំងបណ្តោះអាសន្ន ។

តាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំង និងសិប្បកម្ម សង្ស័យបាននាំចូលស្តុកទុក និងចែកចាយទំនិញ ត្រី សាច់ បង្កកគ្រប់ប្រភេទពីប្រទេសថៃ សរុបបានចំនួន៥១ទីតាំង ។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងចំរុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ,ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់ និងប្រហិតចម្រុះ គ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ ។


បន្ទាប់ពីចប់ប្រតិបត្តិការឆែកឆេរ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕











ចែករំលែកព័តមាននេះ