រាជធានីភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមរួចរាល់ក្នុងការដាក់តាំងបង្ហាញនូវឧបករណ៍ទំនើបៗ ដែលផលិតដោយស្នាដៃសិស្សនិស្សិតកូនខ្មែរ យ៉ាងហោចចំនួន ១១ប្រភេទ នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ។

លោក ជិន តារា នាយកវិទ្យាស្ថាន NTTI បានឱ្យដឹងថា ឧបករណ៍ទំនើបទាំងនោះរួមមាន ម៉ាស៊ីនព្រីន 3Dដោយប្រើរ៉ូបូតឧស្សាហកម្ម, Collaborative Robot, ម៉ាស៊ីនបិទគម្របកេសដោយស្វ័យប្រវត្តិ, ម៉ាស៊ីនវិចខ្ចប់ទឹក ឬភេសជ្ជៈ, YL-311B Industrial Smart Factory Mechatronic, YL-335C Intelligent Manufacturing Technology Integration Application Innovation Platform, Robot Coffee V.2, ប្រព័ន្ធសូឡាចាប់ស្រមោលព្រះអាទិត្យ, ប្រព័ន្ធសូឡា Stand Alone និងប្រព័ន្ធកង្ហាខ្យល់ Wind Turbine, ម៉ាកែត ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ loT និងប្រព័ន្ធសូឡាក្នុងអគារ Smart loT ។

លោកបន្តថា សិស្សានុសិស្សពិតជាចង់ឱ្យថ្ងៃបង្ហាញស្នាដៃរបស់ពួកគាត់ឆាប់មកដល់ ដើម្បីបង្ហាញដល់មហាជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីជំនាញទាក់ទងបច្ចេកវិទ្យាថ្មីៗ ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ។

លោកនាយកបានលើកឡើងថា ការសិក្សាជំនាញនៅ NTTI បានអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់កាន់តែល្អប្រសើរ ព្រោះវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែប ដែលស្របទៅតាមសម័យកាលបច្ចេកវិទ្យា ហើយមានគោលការណ៍តម្រូវឱ្យនិស្សិតមានការចុះកម្មសិក្សា និងការសិក្សាបែបអនុវត្តច្រើនជាងទ្រឹស្តី ដែលជួយឱ្យពួកគាត់សម្រេចបានសមិទ្ធផលទាំងនេះ ។

លោកបានលើកទឹកចិត្តបងប្អូន សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ និងស្រលាញ់ជំនាញបច្ចេកទេស គួរតែចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ព្រោះមានស្នាដៃរបស់និស្សិត ពីសាលាផ្សេងៗជាច្រើនទៀត ដែលនឹងយកមកដាក់តាំងបង្ហាញឱ្យទស្សនា ព្រមទាំងបានជួបសំណេះសំណាលផ្ទាល់ ជាមួយលោកគ្រូ អ្នកគ្រូជំនាញទៀតផង ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ