ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច​ពិភពលោក​ប្រឈម​ហានិភ័យ​ធ្លាក់​ចុះ​ដល់ ១,៣% ដោយសារ​ឥទ្ធិពល​សង្គ្រាម​មជ្ឈិមបូព៌ា

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​សកល​របស់​ធនាគារពិភពលោក បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០២៦ មក​ត្រឹម ២,៥% ដោយសារ​តែ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ហើយ​បាន​ព្រមាន​ថា កំណើន​អាច​នឹង​ថយ​ចុះ​យ៉ាង​គំហុក​ត្រឹម ១,៣% ប្រសិនបើ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ និង​សម្ពាធ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង The Business Times ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ ២០២៦​។

ធនាគារពិភពលោក​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​សកល​ប្រចាំឆមាស​របស់​ខ្លួន​ថា កំណើនសេដ្ឋកិច្ច​សកល​បាន​កើនឡើង​ដល់ ២,៩% ក្នុង​ឆ្នាំ​២០២៥ កើនឡើង ០,២% ធៀប​នឹង​ការ​ប៉ាន់​ប្រមាណ កាលពី​ខែមករា​។ ចំណែក​ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៦ គឺ​ធ្លាក់​ចុះ ០,១% ធៀប​នឹង​ខែមករា​ដើមឆ្នាំ ដែល​ជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩ មក​។
ធនាគារពិភពលោក​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​សម្រាប់​ប្រទេស​ចំនួន​ពីរ​ភាគ​បី​ពិភពលោក ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាម​។ ការ​កាត់​បន្ថយ​ដ៏​ធំ​បំផុត​សំដៅលើ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម អ៊ី​រ៉ា​ក់ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​ការ​នាំ​ចេញ​ថាមពល​របស់​ពួក​គេ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

ទស្សនវិស័យ​ដ៏​គួរ​ឱ្យ​បារម្ភ​របស់​ធនាគារពិភពលោក បាន​លេចឡើង​នៅ​ក្នុង​ពេល​ដែល​សង្គ្រាម​បង្ក​ឡើង​ដោយ​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២៦ បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៤​ហើយ ដោយ​បាន​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់ ដោយសារ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បង្កើត​ឱ្យ​មាន​សម្ពាធ​អតិផរណា​ជា​ថ្មី​នៅ​ទូ​ទាំង​ពិភពលោក និង​ជំរុញ​ឱ្យ​មានការ​រំពឹង​ទុក​ពី​ការ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​។ ស្រប​ពេល​ដែល​តម្លៃ​ជី​កសិកម្ម​ក៏​បាន​ហក់​ឡើង​ខ្ពស់​ផង​ដែរ បង្ក​ឱ្យ​មានការ​បារម្ភ​អំពី​វិបត្តិ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​។

ធនាគារពិភពលោក​បាន​បន្ថែម​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​យឺតយ៉ាវ​មក​នៅ​ត្រឹម ២,១% ប្រសិនបើ​ការ​រំខាន​ថាមពល​អូស​បន្លាយពេល​យូរ​ជាង​នេះ ហើយ​ប្រសិនបើ​តម្លៃ​ប្រេង​មាន​ជា​មធ្យម ១១៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​ក្នុងឆ្នាំនេះ ដែល​អាច​រុញច្រាន​អតិផរណា​ឱ្យ​ឡើង​រហូត​ដល់ ៤,៤%​។ ទស្សនវិស័យ​នេះ​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ ដោយ​កំណើនសេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​មក​ត្រឹមតែ ១,៣% ប៉ុណ្ណោះ ប្រសិនបើ​វិបត្តិ​ថាមពល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​៕