ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អ៊ូសបេគីស្ថាន សហការរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រី ពី កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌

58 នាទី មុន

ទីក្រុងហ្សឺណែវ ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកល (GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលសហការរៀបចំដោយប្រទេសកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ ក្នុងប្រទេសស្វ៊ីស។ កិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំង ពីការយល់ឃើញរួមថា អនាគតនៃការងារ កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចដោះស្រាយបានទៀតទេ តាមរយៈវិធីសាស្ត្រដាច់ដោយឡែក តាមវិស័យនីមួយៗ ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលន​យោបាយសមាហរណកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញ ។

នាឱកាសនោះ ឯកឧត្តមបានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួល និងភាពមិនប្រាកដប្រជា ។ ផលប៉ះពាល់សេដ្ឋកិច្ច និងជំងឺរាតត្បាត ភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការរំខានពីបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្ត្រ ការកើនឡើងនៃវិសមភាព និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាសេដ្ឋកិច្ច កំពុងដាក់សម្ពាធយ៉ាងខ្លាំង លើទីផ្សារការងារ និងប្រព័ន្ធគាំពារសង្គម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ ក្នុងបរិបទនេះ កាតាលីករសកល មិនត្រឹមតែជាគំនិតផ្តួចផ្តើម ដែលកើតឡើងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តដ៏សំខាន់មួយនៃការគិតគូរផ្នែកអភិវឌ្ឍន៍ផងដែរ ដែលទទួលស្គាល់ថា ការវិនិយោគលើការងារសមរម្យ កិច្ចគាំពារសង្គម និងធន​ធានមនុស្ស គឺជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ភាពធន់ ផលិតភាព សាមគ្គីភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។

សម្រាប់កម្ពុជា អាទិភាពទាំងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅចំណុចកណ្តាល នៃរបៀបវារៈអភិវឌ្ឍន៍ជាតិកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកកិច្ចគាំពារសង្គម និងកំណើនប្រកបដោយបរិយាបន្ន ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើជំនាញ សមត្ថភាពទទួលបានការងារ និងកិច្ចគាំពារសង្គម គឺជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ និងភាពធន់សេដ្ឋកិច្ចសង្គមរយៈពេលវែង ។

កម្ពុជាបានអនុម័តជាផ្លូវការនូវផែនទីបង្ហាញផ្លូវ(Roadmap) ក្រោមក្របខ័ណ្ឌ កាតាលីករសកល ឆ្នាំ២០២៥-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ផ្នែកនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលក្នុងការជំរុញការបង្កើតការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ។ ផែនទីបង្ហាញផ្លូវនេះ ប្រកាន់យកវិធីសាស្ត្រចូលរួមទាំងរដ្ឋាភិបាល និងសង្គមទាំងមូល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព និយោជក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ។ លើសពីនេះ ផែនទីបង្ហាញផ្លូវនេះ ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ គោលនយោបាយផ្អែកលើភស្តុតាង ការព្យាករ​ទីផ្សារការងារ ភាពស៊ីចង្វាក់គ្នានៃគោលនយោបាយ និងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត ។

ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តដល់ដៃគូទាំងអស់ សូមឱ្យបន្តពង្រឹងការគាំទ្រដល់ប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះដើម្បីប្រមូលផ្តុំការវិនិយោគជំរុញការផ្លាស់ប្តូរ លើកកម្ពស់ការចែករំលែកចំណេះដឹង និងនវានុវត្តន៍ និងពង្រឹងស្មារតីសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីជំរុញអនាគតការងារប្រកបដោយបរិយាបន្ន ភាពធន់ ចីរភាព និងផ្តោតលើមូលធនមនុស្សជាស្នូលកាន់តែខ្លាំងឡើង ។

ទន្ទឹមនឹងនេះ ភាគីអ៊ូសបេគីស្ថាន និង ILO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ និងសហប្រធាននៃកិច្ចប្រជុំនេះ ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជា ក្នុងការប្រែក្លាយ កាតាលីករសកល ពីគំនិតផ្តួចផ្តើមសកល ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ការងារសមរម្យ ការគាំពារសង្គម និងអន្តរកាលយុត្តិធម៌ ៕ អត្ថបទសហការ