ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់អ្នកប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម មិនឱ្យទិញប្រេងសាំង និងម៉ាស៊ូតពីស្ថានីយលក់រាយ ហើយបានដាក់កម្រិតលើការទិញប្រេងម៉ាស៊ូតប្រចាំថ្ងៃផងដែរ ដើម្បីបង្ការការខ្វះខាតក្នុងស្រុក ចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមបទបញ្ជារដ្ឋាភិបាលដែលបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ភ្នាក់ងារចែកចាយនៅស្ថានីយលក់រាយប្រេងឥន្ធនៈ ត្រូវបានណែនាំឱ្យលក់ប្រេងម៉ាស៊ូតត្រឹមតែ ២០០ លីត្រប៉ុណ្ណោះក្នុងអតិថិជនម្នាក់ ឬរថយន្ត១គ្រឿងក្នុង១ថ្ងៃ ដោយបន្ថែមថា ដាច់ខាតអតិថិជនមិនអាចទិញប្រេងម៉ាស៊ូតនោះយកទៅលក់បន្តបានឡើយ។
អតិថិជនពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុនដឹកជញ្ជូនរថយន្តធំៗជាដើម បាននិងកំពុងសម្រុកទៅទិញប្រេងម៉ាស៊ូតពីស្ថានីយលក់រាយរបស់ក្រុមហ៊ុនរដ្ឋ ដែលមានតម្លៃធូរជាងកន្លែងផ្គត់ផ្គង់ដុំទូទៅ ហើយបញ្ហានេះបានបណ្តាលឱ្យមានការខ្វះខាតប្រេងតាមបណ្តាស្ថានីយលក់រាយមួយចំនួន។
រដ្ឋាភិបាលបានថ្លែងថា វិធានការរឹតបន្តឹងនានាគឺជារឿងចាំបាច់ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូតដោយស្មើភាពនៅទូទាំងប្រទេស ព្រមទាំងការពាររូបភាពខុសច្បាប់នានា ជាពិសេសការស្តុកទុកដោយខុសច្បាប់ ក៏ដូចជាដើម្បីរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈកុំឱ្យមានការរអាក់រអួលក្នុងតម្លៃសមរម្យ។
ដោយយោងទៅលើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់នោះ រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា តានតឹងភូមិសាស្ត្រនយោបាយបានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងសកល ការដឹកជញ្ជូន និងលទ្ធភាពទទួលបានផលិតផលប្រេង ដែលធ្វើឱ្យការគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្ន និងការរក្សាទុកការផ្គត់ផ្គង់ជារឿងចាំបាច់។ វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងរយៈពេលដំបូងរហូតដល់៩០ថ្ងៃ លើកលែងតែមានការលុបចោលមុនកាលកំណត់ តាមរយៈបញ្ជាដាច់ដោយឡែកមួយទៀតរបស់រដ្ឋាភិបាល៕


ចែករំលែកព័តមាននេះ