អ្នកឧកញ៉ា ម៉ុង ឬទ្ធី ៖ «ខ្ញុំមិននឹកស្មានថា នៅទីជនបទមានមនុស្សហ៊ានប្រថុយប្រថានអ៊ីចឹងសោះ»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានទិញគោពូជចំនួន ៧៦ក្បាលពីកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅជាយដែនកម្ពុជាថៃស្ថិតនៅចម្ងាយ ៣០០ម៉ែត្រពីសមរភូមិជួរមុខ ស្ថិតនៅក្នុងភូមិប្រសាទ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃប្រហែល ៨ម៉ឺនដុល្លារ ដើម្បីយកមកចិញ្ចឹមយកលាមកផលិតជីធម្មជាតិ ។
អ្វីដែលអ្នកឧកញ៉ានឹកស្មានមិនដល់នោះ គឺម្ចាស់គោឈ្មោះ សុត សូផាត បានប្រគល់គោទាំង ៧៦ក្បាលនោះជូនលោកមុន ១យប់ដោយមិនបានទាមទារទូទាត់ប្រាក់ភ្លាមៗនោះទេ រហូតព្រឹកឡើងទើបទូទាត់ប្រាក់ដោយមិនបានគិតខ្លាចអ្នកមានដូចជារូបលោកបោកប្រាស់ឡើយ ។
ថ្វីដ្បិតតែអ្នកឧកញ៉ា និងលោក សុត សូផាត មិនដែលធ្លាប់បានទំនាក់ទំនងគ្នាពីមុនមកមែន ប៉ុន្តែនេះគឺជាការទុកចិត្តបំផុតមួយ ដែលបានធ្វើឲ្យអ្នកឧកញ៉ា ម៉ុង ឫទ្ធី រំភើបហើយពោលពាក្យថា «ខ្ញុំមិននឹកស្មានថា នៅទីជនបទមានមនុស្សហ៊ានប្រថុយប្រថានដូចគាត់ប្រហែលជាគាត់មិនធ្លាប់ទទួលរងគ្រោះដោយសារតែអ្នកមានបោកប្រាស់ដូចខ្ញុំទេ» ។
បើយោងតាមសំណេរទាំងស្រុង ! ដែលអ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះនៅទំព័រផេកហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នេះមានខ្លឹមសារថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុត សូផាត ចិញ្ចឹមគោជាង ៣០០ក្បាល កសិដ្ឋានចម្ងាយ ៣០០ម៉ែត្រពីសមរភូមិជួរមុខ ស្ថិតនៅភូមិប្រសាទ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដែលបានលក់គោពូជមកអោយខ្ញុំចំនួន ៧៦ក្បាល ស្មើនឹង ២៣តោនខ្ញុំទិញចិញ្ចឹមយកលាមកមកផលិតជីធម្មជាតិ បើគិតជាប្រាក់ប្រមាណជា៨០,០០០ដុល្លារសហរដ្ឋអាមេរិក ។ ថ្វីត្បិតតែយើងមិនដែលបានជួបទំនាក់ទំនងពីមុនមកក៏ដោយចុះ នៅពេលថ្លឹងគោរួចហើយគាត់បានបញ្ជាអោយរថយន្តចេញដំណើរចាំទូទាត់ប្រាក់ជាក្រោយ ព្រឹកឡើងមុនពេលគណនេយ្យទូទាត់ប្រាក់អោយ ខ្ញុំឆាតសួគាត់ថា យប់មិញគាត់ និងភរិយាដេកលក់ដែឬអត់ទេ គាត់ឆ្លើយថា ដេកលក់ទល់ភ្លឺអត់មានព្រួយបារម្ភអីបន្តិចសោះ ។
បើតាម៉ុង មិនសងលុយប៉ុណ្ណឹងក៏មិនអីដែរ គាត់បានសន្យាថា បើខ្ញុំមានតម្រូវការ និងលក់គោអោយជាបន្តបន្ទាប់ទៀត ខ្ញុំមិននឹកស្មានថា នៅទីជនបទមានមនុស្សហ៊ានប្រថុយប្រថានដូចគាត់អីចឹងសោះ ប្រហែលជាគាត់មិនធ្លាប់ទទួលរងគ្រោះដោយសារតែអ្នកមានបោកប្រាស់ដូចខ្ញុំទេមើលទៅ ៕








ចែករំលែកព័តមាននេះ