សម្តេចព្រះឧត្តមវង្សា គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក បានមានថេរដិការអប់រំពុទ្ធបរិស័ទតតាមបណ្តាញសង្គមថា អ្វីៗគឺគួរតែធ្វើតាមធនធាន តាមលទ្ធភាព កុំគ្រាន់តែចង់ហ៊ឹកហ៊ាក់ តែជំពាក់គេឡើយ ។

នេះ គឺជាថេរដិកា ដែលព្រះអង្គបានចែករំលែក នៅលើបណ្តាញសង្គមហ្វេសបុក ហើយត្រូវបានមហាជនគាំទ្រនឹងចែករំលែកហើយបានចូលរួមជាមតិយោបល់ឡើងព្រោងព្រាត ។
ក្រោយការចែករំលែកបែបនេះ ពុទ្ធិបរិស័ទខ្លះ បានចែករំលែកថា ព្រោះសម្ភារៈ សម័យនេះមានបុគ្គលជាច្រើន លង់ខ្លួន ពីព្រោះតែភាពហ៊ឺហា ។


ពុទ្ធបរិស័ទបានចែករំលែក ដោយការលេងសើចផង ហើយទំនងជាការពិតផងថា អ្នកខ្លះជាម្ចាស់បំណុលមិនហ៊ានទិញរថយន្តជិះនឹងគេទេ តែអ្នកជំពាក់គេវិញ គឺមិនត្រឹមតែមានរថយន្តជិះទេ គឺឡើងសេរីថែមទៀតផង ។

គិតត្រឹមចុង ឆ្នាំ២០២៥ ពលរដ្ឋខ្មែរប្រមាណ៥.១៣លាននាក់ជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយគិតជាទំហំកម្ចីសរុបជាង៦២ពាន់លានដុល្លារ។

ស្ថិតិបានឲ្យដឹងថា ពលរដ្ឋជាប់បំណុលគេតែ១ស្ថាប័ន មាន៧៦ភាគរយ ហើយ២ស្ថាប័នមាន២០ភាគរយ ហើយក៏មានអ្នកជាប់បំណុល ៣ស្ថាប័ននៅក្នុងពេលតែមួយ ចំនួន៤ភាគរយថែមទៀត ៕
ចែករំលែកព័តមាននេះ