ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ហាង​ខារ៉ាអូខេ​«​សម្រស់​រាជ​នី​ព្រែក​ជ្រៃ​»​ ព្រួត​គ្នា​វាយ​ច្រឡំ​គូទំនាស់ ត្រូវ​នគរបាល​ឃាត់ខ្លួន​៧​នាក់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ហាង​ខា​រ៉ា​អូ ​«​សម្រស់​រាជ​នី​ព្រែក​ជ្រៃ​»​ ចំនួន​៦​នាក់ ​ក្នុង​ចំណោម​គ្នា​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម​ ហៅ​ទៅ​បំភ្លឺ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ហាង​ខា​រ៉ា​អូ ​«​សម្រស់​រាជ​នី​ព្រែក​ជ្រៃ​»​ ចំនួន​៦​នាក់ ​ក្នុង​ចំណោម​គ្នា​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម​ ហៅ​ទៅ​បំភ្លឺ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ក្រោយ​ពី​ជន​ទាំង​៦​នាក់​ខាងលើ ​ព្រួត​គ្នា​វាយ​ទៅ​លើ​យុវជន​២​នាក់ ច្រឡំ​ស្មានថា​ ជា​ក្រុម​ក្មេង​ស្ទាវ ​ដែល​គប់​ដុំ​ថ្ម​ចូល​ហាង​ខារ៉ាអូខេ​ខាងលើ ។

ការ​ឃាត់ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​វេលា​ម៉ោង០​៨​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ខណៈ​ដែល​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ​ចូលខ្លួន​ទៅ​បំភ្លឺ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ រួម​មាន​ ៖
១.​ឈ្មោះ​ ពៅ វិសាល អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ ហាង​ខារ៉ាអូខេ​ខាងលើ
២.​ឈ្មោះ ​ហ៊ុន សំណាង ហៅ​ខ្មៅ អាយុ​២១​ឆ្នាំ
៣.​ឈ្មោះ ​ហេង ប៊ុ​ន​ហេង អាយុ​១៨​ឆ្នាំ
៤.​ឈ្មោះ ​អ៊ុ​ក វី​រៈ ហៅ​ម៉ា​ប់ អាយុ​២៦​ឆ្នាំ
៥.​ឈ្មោះ ​ប៊ិ​ន ភា​វី អាយុ​១៩​ឆ្នាំ
៦.​ឈ្មោះ ​ធី ណា​រិ​ន អាយុ​១៩​ឆ្នាំ ។
ដោយឡែក​២​នាក់​ទៀត​ឈ្មោះ​ តុ​ក និង​ឈ្មោះ​ រតនា ​កំពុង​រត់គេច​ខ្លួន ហើយ​ជនសង្ស័យ​ទាំង​អស់នេះ​មានមុខ​របរ​បុគ្គលិក​ហាង​ខារ៉ាអូខេ សម្រស់​រាជ​នី​ព្រែក​ជ្រៃ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែក​យុវជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ ឯក ពិសី អាយុ​២១​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រង​របួស​បែក​ចិញ្ចើម​, ភ្នែក​ខាងឆ្វេង និង​បែក​មាត់ ។ រីឯ​ម្នាក់​ទៀត​ឈ្មោះ ​ទ្រី ម៉េ​ង​លាង អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រង​របួស​ចំ​ក្បាល​, បែក​ចុង​ចិញ្ចើម​ខាងឆ្វេង​, ភ្នែក​ខាងឆ្វេង​, ចំ​ឆ្អឹងជំនីរ និង​បែក​មាត់ ។

នគរបាល​បាន​ប្រាប់​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​រាជ​នី​សម្រស់​ព្រែក​ជ្រៃ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ដោយនៅ​មុន​ពេល​កើតហេតុ ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ យុវជន​រង​គ្រោះ​ឈ្មោះ​ ឯក ពិសី និ​ងយុវជន​ឈ្មោះ ​ទ្រី ម៉េ​ង​លាង បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​IN-2613 ឌុ​ប​គ្នា​ទៅ​ដើរ​លេង​នៅ​ម្ដុំ​កោះន​រា ខណ្ឌ​ច្បារ​អំពៅ ។ លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ក៏​បាន​បន្ត​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្ដិ​ នៅ​ម្ដុំ​វត្ត​អង្គ​រុន ស្រុក​បាទី ខេត្តតាកែវ ហើយ​រហូត​ដល់​វេលា​ម៉ោង​២​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រលប់​មក​ភ្នំពេញ​វិញ ។

នគរបាល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​ជិះ​ដល់​ខាងជើង​រង្វង់​មូល​កួរស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ស្រាប់តែ​មាន​ក្មេង​ស្ទាវ ​១​ក្រុម ​មាន​គ្នា​ប្រមាណ​២០​នាក់ ជិះ​ម៉ូតូ​១០​គ្រឿង​ ដេញ​តាម​រួច​យក​ខ្សែក្រវាត់​វាយ​ទៅ​លើ​ជន​រង​គ្រោះ ។ ពេល​នោះ​យុវជន​រង​គ្រោះ​ទាំង​២​នាក់ ​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​តាម​ផ្សារ​តា​ម៉ាប់​ព្រែក​ជ្រៃ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ហើយ​ក្រុម​ក្មេង​ស្ទាវ​ បាន​ជិះ​ម៉ូតូ​ហួស​ទៅ​មុខ លុះ​ពេល​ដល់​មុខ​ហាង​ខារ៉ាអូខេ​ សម្រស់​រាជ​នី​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពាន​ថ្ម ខណ្ឌដង្កោ ក៏​បាន​យក​ដុំ​ថ្ម​ គប់​ចូល​ទៅ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

នគរបាល ​បាន​ប្រាប់​បន្ថែម​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​០២​និង​៤៥​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ដដែល ក្រោយ​ពី​ក្រុម​ក្មេង​ស្ទាវ​ទៅ​បាត់​អស់ ​ទើប​យុវជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ ហ៊ាន​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​តា​ម៉ា​ប់​ព្រែក​ជ្រៃ ​ទៅ​ផ្ទះ​បន្ត​ទៀត ។ ពេល​ដល់​ត្រង់​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ សម្រស់​រាជ​នី​ព្រែក​ជ្រៃ ក៏​ស្រាប់តែ​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ មាន​គ្នា​ប្រមាណ​៨​នាក់​បាន​យក​ដុំ​ថ្ម​គប់ វាយ ​និង​ទាត់​ធាក់​ទៅ​លើ​យុវជន​រង​គ្រោះ ​ដោយ​ស្មានថា​ ជា​បក្ខ​ពួកក្មេង​ស្ទាវ​ ដែល​គប់​ដុំ​ថ្ម​ចូល​ហាង​ខារ៉ាអូខេ​ មុន​នោះ ។ ខណៈនោះ​ បាន​បណ្ដាល​ឲ្យ​យុវជន​ទាំង​២​នាក់ ​រង​របួស​យ៉ាងដំណំ​ រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ បន្ទាប់​មក ​នគរបាល​ប៉ុស្តិ៍​ស្ពានថ្ម​ បាន​ហៅ​ម៉ូតូ​កង់​បី​ ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​មូលី​បុត្រ ដែល​ស្ថិត​នៅ​ជិត​នោះ ហើយ​ក្រោយមក​ទើប​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

នគរបាល​ដដែល​ បាន​ប្រាប់​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពានថ្ម និង​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ធ្វើ​លិ​ខ​ត​អញ្ជើញ​ស្ត្រី​ម្ចាស់​ហាង​ខារ៉ាអូខេ ​សម្រស់​រាជ​នី​ព្រែក​ជ្រៃ ​ឈ្មោះ​ ជា ល​ក្ខិ​ណា អាយុ​៣៣​ឆ្នាំ ឲ្យ​ចូលខ្លួន​ធ្វើការ​បំភ្លឺ ។ ពេល​នោះ ​ម្ចាស់​ហាង​ក៏​បាន​ប្រាប់​ពី​អត្ត​សញ្ញា​ជនសង្ស័យ​ខាងលើ ហើយ​នគរបាល​ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ជនសង្ស័យ​ទាំងអស់​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​ចូល​តែ​៦​នាក់​ខាងលើ ហើយ​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ចំណែក​២​នាក់​ទៀត​ឈ្មោះ ​រតនា និង​ឈ្មោះ​ តុ​ក ​មិន​បាន​ចូល​មក​បំភ្លឺ​នោះ​ទេ ​កំពុង​គេចខ្លួន​នៅឡើយ ។

ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​៨​នាក់​ ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​ដុំ​ថ្ម គប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ប្រាកដ​មែន ដោយសារ​តែ​យល់​ច្រឡំ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​ជា​ក្រុម​ក្មេង​ស្ទាវ​ដែល​បាន​គប់​ដុំ​ថ្ម​ចូល​ហាង​ខារ៉ាអូខេ សម្រស់​រាជ​នី​ព្រែក​ជ្រៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ