ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ថ្លើមធំ ​គាស់​ផ្ទះ​០២​លើក​ផ្ទួន​ៗ​ចូល​លួច​កាត់​ខ្សែភ្លើង ​និង​ស៊ី​គ្រឿងក្នុង​ម៉ា​ស៊ី​ត្រជាក់​អស់​១០​គ្រឿង​ ខណៈ​ម្ចាស់​មិន​នៅ

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ស្ថិត​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង   លោក​ចោរ​ថ្លើមធំ​ពាសមេឃ  បាន​​ចូល​គាស់​ផ្ទះថ្ម​ដ៏​ធំ​មួយ​កន្លែង​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​​លួច​កាត់​ខ្សែភ្លើង និង​ដោះ​ខ្វេះកកាយ​ស៊ី​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រហែល​១០​គ្រឿង  រួច​គេចខ្លួន​ដោយ​សុវត្ថិភាព   បន្សល់​​ទុក​តែ​ស្លាកស្នាម និង​សម្បក​ម៉ាស៊ីនត្រជាក់​យ៉ាង​រប៉ាត់រប៉ាយ​ពេញ​ក្នុងផ្ទះ​ ។…

ខេត្តបាត់ដំបង​ ៖  ស្ថិត​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង   លោក​ចោរ​ថ្លើមធំ​ពាសមេឃ  បាន​​ចូល​គាស់​ផ្ទះថ្ម​ដ៏​ធំ​មួយ​កន្លែង​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​​លួច​កាត់​ខ្សែភ្លើង និង​ដោះ​ខ្វេះកកាយ​ស៊ី​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រហែល​១០​គ្រឿង  រួច​គេចខ្លួន​ដោយ​សុវត្ថិភាព   បន្សល់​​ទុក​តែ​ស្លាកស្នាម និង​សម្បក​ម៉ាស៊ីនត្រជាក់​យ៉ាង​រប៉ាត់រប៉ាយ​ពេញ​ក្នុងផ្ទះ​ ។

​រឿងរ៉ាវ​នេះ  ម្ចាស់ផ្ទះ​បានដឹង​ក្រោយ​ត្រូវ​ពួក​ចោរ​ធ្វើ​សកម្ម បំផ្លាញ​ខ្ទេចខ្ទី​រអស់​មួយ​លើក​ជា​ពីរ​លើក​រួច​ទៅ​ហើយ ហើយ​ក៏​បាន​រាយការណ៍​​ប្រាប់​សម​ត្ថ​កិច្ច​តែ​ម្ដង ​។ ក្មួយ​ម្ចាស់ផ្ទះ  គឺ​លោក ទិ​ត វណ្ណៈ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា ​នេះ​ថា  លើក​ទី​១  ខ្លួន​បានដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ពេល​ខ្លួន​ទៅ​មើល​ និង​បម្រុង​បោសសំអាត​ផ្ទះ​ឲ្យ​ម្ដាយ​មីង    ប៉ុន្តែ​ខ្លួន​មិន​បានដឹង​ពី​ពេលវេលា​ដែល​​ចោរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ទេ​ ។

​ទិ​ត វណ្ណៈ បាន​ប្រាប់​ថា   ក្រោយ​ឃើញ​មាន​ស្នាម​កាត់​របង​ខាងក្រោយ និង​គាស់​ទ្វារ​ក្រោយ ខ្លួន​ក៏​ចូល​ពិនិត្យ​ឃើញ​មាន​ស្នាម​កាត់​ខ្សែភ្លើង និង​ខូចខាត​ម៉ាស៊ីនត្រជាក់ ដែល​ចោរ​កាត់​យក​ទុយោ​ស្ពាន់ និង​គ្រឿង​មាន​តម្លៃ​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រហែល​០៣​គ្រឿង ​។ លោក​ថា ក្រោយ​ពិនិត្យ​ដឹង​បាត់បង់​ទ្រព្យសម្បត្តិ ខ្លួន​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច  ហើយ​បាន​ហៅ​ជាង​មក​ជួយ​ជួសជុល​ទ្វារ ​និង​របង​ផ្ទះ​ឡើង​វិញ​ ។ ​ប៉ុន្តែ​ក្រោយ​ពី​ជួសជុល​រួច ស្រាប់តែ​ពេល​យប់​ឡើង  ត្រូវ​លោក​ចោរ​មក​ធ្វើ​សកម្មភាព​លួច​ម្ដងទៀត​ជា​លើក​ទី​២  ខូចខាត និង​បាត់បង់​អស់​ធ្ងន់​ជា​មុន ​។

​នៅ​លើក​ទី​២​នេះ  លោក ទី​ត វណ្ណៈ ដែល​ជា​ក្មួយ​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ដូច្នេះ​ថា   «​ខ្ញុំ​មិន​​បានដឹង​ពី​វេលា​ជាក់លាក់ ដែល​ចោរ​បាន​ចូល​លួច​ទេ   តែ​ខ្ញុំ​បានដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២២ មេ​សា ពេល​ខ្ញុំ​មក​មើល​ផ្ទះ​»​ ។  ​លោក​វណ្ណៈ​បាន​បញ្ជាក់​ដែរ​ថា គាត់​ជា​អ្នក​មើល​ខុស​ត្រូវ​ថែទាំ​ផ្ទះ​ឲ្យ​ម្ដាយ​មីង​​មែន  តែ​គាត់​មិន​បាន​ស្នាក់​នៅផ្ទះ​នេះ​ទេ   តែ​គាត់​តែង​ទៅ​មើល​​ផ្ទះ​ម្ដាយ​មីង និង​បោសសំអាត​ជា​ប្រចាំ​ ។

​លោក ទិ​ត វណ្ណៈ  បាន​និយាយ​បន្ថែម​ថា   លើក​ទី​១​បាត់បង់​គ្រឿងក្នុង​ម៉ាស៊ីនត្រជាក់​អស់​ប្រមាណ​០៣​គ្រឿង​ ។  ក្រោយ​ពី​គាត់​ជួសជុល​របង និង​ទ្វារ​រួចរាល់​បាន​ត្រឹម​​មួយ​ថ្ងៃ ស្រាប់តែ​យប់​ឡើង ចោរ​ដដែល​នោះ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទៀត ​។ លើក​ទី​មួយ​ចោរ​ទាក់​របង និង​គាស់​ទ្វារផ្ទះ​ចូល​ពី​ខាងក្រោយ  តែ​លើក​ទី​២​នេះ​ ចោរ​បាន​ឡើង​តាម​ដើមឈើ ដែល​ដាំ​ខាង​មុខ​ផ្ទះ  ឡើង​ទៅ​គាស់កកាយ​ជាន់​ខាងលើ​រើ​កកាយ​លួច​អស់​គ្មាន​សល់ ។  លុះ​ព្រឹក​ឡើង (២២.០៤.២៦) ពេល​គាត់​ទៅ​ដល់​បើកទ្វារ​ចូល ឃើញ​របស់របរ​នៅ​រាយ​ប៉ាយ​ពេញ​ផ្ទះ​ស្នាម​កាត់​ស្នាម​គាស់​ថ្មី​ៗ​ ។  ជា​ពិសេស​ សម្បក​ខ្សែភ្លើង និង​សម្បក​ធុង​ម៉ាស៊ីនត្រជាក់​ ។

​ក្មួយ​ប្រុស​ម្ចាស់​ផ្ទួះ​រូប​នេះ​បាន​ប្រាប់​ថា  ខ្សែភ្លើង​ត្រូវ​គេ​កាត់​ស្ទើរ​គ្រប់កន្លែង ទាំង​ក្នុង និង នៅ​ក្រៅ​បន្ទប់   ម៉ាស៊ីនត្រជាក់​ចំនួន​០៧​គ្រឿង​បន្ថែម​ទៀត ត្រូវ​ចោរ​គាស់​ទម្លាក់​ពី​ជញ្ជាំង  កាត់​យក​ទុយោ​ស្ពាន់   រួច​គាស់​កម្ទេច​​ចោល ខ្វេះ​យក​តែ​គ្រឿងក្នុង​ដែល​មាន​តម្លៃ ។   គាត់​បាន​តាម​រក​ពី​ចំណុច​ចាប់ផ្ដើម ដែល​ចោរ​អាច​ចូល​ធ្វើ​សកម្មភាព​បាន ហើយ​បានដឹង​ថា ចោរ​បាន​ឡើង​តាម​ដើមឈើ​ខាង​មុខ​ផ្ទះ  ព្រោះ​ទ្វារ​ប​ង្អួច​គ្រប់កន្លែង ពុំ​មាន​ស្នាក​ស្នាម​ទេ​ ។

​លោក ទិ​ត វ​ណ្ណះ បាន​បញ្ជាក់​ថា  បើ​តាម​ការ​បូក​សរុប​សម្ភារ​បាត់បង់  គឺ​ខូចខាត​ម៉ា​ស៊ីនត្រជាក់​ប្រា​មា​ណ​១០​គ្រឿង និង​ខ្សែភ្លើង​មួយ​ចំនួន​ទៀត​ ។ ​លោក​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ក្រុង​បាត់ដំបង​រួចរាល់​ហើយ តែ​ហាក់​ពុំ​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ​ ។

​ជុំវិញ​អំពើ​ចោរកម្ម ដែល​កើតឡើង​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​ខាងលើ​នេះ  មន្ត្រី​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ថា  គេ​បាន​ទ​ទួល​បណ្ដឹង​ជន​រង​គ្រោះ     ហើយ​​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​កើតហេតុ​នោះ​ផង​ដែរ ​។ ​ពេល​នេះ​ មន្ត្រី​ជំនាញ​បាន​និង​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​ដែល​ម្ចាស់ផ្ទះ​នៅ​ក្បែរ​ៗ​នោះ​បាន​បំពាក់​ខាង​មុខ​ផ្ទះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ