ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​អ៊ី​រ៉​ង់! ប.ង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ត្រៀម​ដំឡើង​ថ្លៃ

1 ម៉ោង មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក Karex បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ដំឡើង​ថ្លៃ​ផលិតផល​របស់​ខ្លួន​ពី ២០% ទៅ ៣០% ឬ​អាច​ច្រើន​ជាង​នេះ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក Karex បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​ដំឡើង​ថ្លៃ​ផលិតផល​របស់​ខ្លួន​ពី ២០% ទៅ ៣០% ឬ​អាច​ច្រើន​ជាង​នេះ ប្រសិនបើ​សង្គ្រាម​អ៊ី​រ៉​ង់​នៅ​តែ​បន្ត​រំខាន​ដល់​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ដែល​ប្រើ​សម្រាប់​ការ​ផលិត​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​។

លោក Goh Miah Kiat នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Karex បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ថ្លៃដើម​ផលិត​បាន​កើនឡើង​ខ្លាំង ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់​មក ដ្បិត​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​នេះ បាន​ផលិត​ជាង​៥​ពាន់​លាន​ស្រោមអនាម័យ​នៅ​ក្នុង​១​ឆ្នាំ និង​បាន​ផ្គត់ផ្គង់​ដល់​ម៉ាក​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​ជា Durex និង Trojan ក៏​ដូច​ជា​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​ដូច​ជា NHS របស់​ចក្រភព​អង់គ្លេស និង​កម្មវិធី​ជំនួយ​សកល ដំណើរការ​ដោយ​អង្គការសហប្រជាជាតិ (UN) ជាដើម​។

ការ​ផ្គត់ផ្គង់​ប្រេង​សកល​ត្រូវ​បាន​រំខាន​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​អ៊ី​រ៉​ង់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល តាម​រយៈ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ ការ​បិទផ្លូវ​ទឹក​ដឹក​ជញ្ជូន​ដ៏​សំខាន់​នេះ បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សកល ប្រហែល​១​ភាគ​៥​នៃ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់​ពិភពលោក ក៏​ដូច​ជា​ប្រេងឥន្ធនៈ​គីមី​ផ្សេង​ទៀត​ផង​ដែរ ខណៈ​ក្រុមហ៊ុន Karex បាន​ពឹងផ្អែក​ខ្លាំង​លើ​វត្ថុធាតុដើម​មាន​ប្រភព​មក​ពី​ប្រេង រួម​ទាំង​អា​ម៉ូ​ញាក់ ដែល​ត្រូវ​បាន​ប្រើ​ជា​សារធាតុ​រក្សា​គុណភាព​ជ័រកៅស៊ូ (Latex) ឱ្យ​នៅ​ល្អ និង​ប្រេង​ស៊ី​លី​កូន ដែល​ប្រើ​ជា​សារធាតុ​រំអិល​សម្រាប់​ស្រោមអនាម័យ​នីមួយ​ៗ​។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Reuters លោក Goh Miah Kiat បានឃើញ​ការ​កើនឡើង​តម្រូវការ​ស្រោមអនាម័យ​ប្រហែល ៣០% នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដោយសារ​ការ​កើនឡើង​ថ្លៃ​ដឹក​ជញ្ជូន និង​ការ​ពន្យារពេល​ដឹក​ជញ្ជូន បាន​ធ្វើ​ឱ្យ​អតិថិជន​ជា​ច្រើន​មាន​ស្តុក​តិច​ជាង​ធម្មតា ជា​ពិសេស​នៅ​ពេល​តម្រូវការ​កើនឡើង​។ លោក​បាន​និយាយ​ថា ស្ថានភាព​នេះ ពិតជា​ផុយ​ស្រួយ​ណាស់ ព្រោះ​តម្លៃ​ថ្លៃ ដូច្នេះ​ក្រុមហ៊ុន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ផ្តល់​ជូន​ការ​លក់​តាម​ថ្លៃដើម​នៃ​ការ​ផលិត​ដែល​កំពុង​ឡើងថ្លៃ​នៅ​ពេល​បច្ចុប្បន្ន​ទៅ​ឱ្យ​អតិថិជន​នោះ​ទេ​។

ការ​ឡើងថ្លៃ​ស្រោមអនាម័យ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឥទ្ធិពល​នៃ​សង្គ្រាម​រវាង​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់ ដែល​បាន​រង្គោះរង្គើ​ទីផ្សារ​ថាមពល​របស់​ពិភពលោក​រួច​ហើយ និង​កំពុង​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ផ្សេង​ទៀត​ឡើងថ្លៃ​ខ្ពស់ សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ