ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ប្រ.ហារ​ជី.វិ.ត​បុគ្គ​លិក​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នុយ​ក្លេ​អ៊ែរ​ពី​បទ​ផ្ដល់​ការណ៍​សម្ងាត់​ឱ្យ​អ៊ីស្រា​អែល

1 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ អ៊ីរ៉ង់​ទើប​តែ​ប្រហារ​ជីវិត​បុគ្គលិក​បម្រើ​ការ​ផ្នែក​ថាម​ពល​នុយ​ក្លេអ៊ែរ​ម្នាក់​ឈ្មោះ​មេ​ឌី ហ្វា​រីដ (Mehdi Farid) ពី​បទ​ធ្វើ​ការ​ឱ្យ​ភ្នាក់​ងារ​សម្ងាត់​ម៉ូសាត (Mossad) របស់​អ៊ីស្រា​អែល​។ ក្រុម​សិទ្ធិ​មនុស្ស​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រហារ​ជីវិត​នេះ​ទេ​ព្រោះ​ពួក​គេ​យល់​ថា​ដំណើរ​ការ​កាត់​ក្ដី​មាន​ភាព​ឆក​ល្វែង​, ចម្លើយ​សារ​ភាព​ធ្វើឡើង​ដោយ​ការ​បង្ខិត​បង្ខំ​…

ទី​ក្រុង​តេ​អេ​រ៉ង់៖ អ៊ីរ៉ង់​ទើប​តែ​ប្រហារ​ជីវិត​បុគ្គលិក​បម្រើ​ការ​ផ្នែក​ថាម​ពល​នុយ​ក្លេអ៊ែរ​ម្នាក់​ឈ្មោះ​មេ​ឌី ហ្វា​រីដ (Mehdi Farid) ពី​បទ​ធ្វើ​ការ​ឱ្យ​ភ្នាក់​ងារ​សម្ងាត់​ម៉ូសាត (Mossad) របស់​អ៊ីស្រា​អែល​។ ក្រុម​សិទ្ធិ​មនុស្ស​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រហារ​ជីវិត​នេះ​ទេ​ព្រោះ​ពួក​គេ​យល់​ថា​ដំណើរ​ការ​កាត់​ក្ដី​មាន​ភាព​ឆក​ល្វែង​, ចម្លើយ​សារ​ភាព​ធ្វើឡើង​ដោយ​ការ​បង្ខិត​បង្ខំ​ ហើយ​សារ​ព័ត៌​មាន​ក៏​មិន​មាន​សិទ្ធិ​ចុះ​ផ្សាយ​អំពី​ដំណើរ​ការ​កាត់​ក្ដី​ឱ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ​។

នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន​ករណី​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​កុម្ភៈ​។ ការ​ប្រហារ​ជីវិត​ទាំង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ជន​ជាប់​ចោទ​ជា​រនុក​​ក្នុង​ដែល​លួច​ផ្ដល់​ការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​ទៅ​​ឱ្យ​អ៊ីស្រា​អែល​។ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​លោកមេ​ឌី ហ្វារីដ​ព្យាយាម​បញ្ចូល​មេរោគ​កុំ​ព្យូទ័រ​​ទៅ​ក្នុង​ប្រ​ព័ន្ធ​ណិត​វើក​របស់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ការ​ពារ​ជាតិ​អ៊ីរ៉ង់​។ គាត់​ធ្វើ​ដូច្នេះ​តាម​បញ្ជា​របស់​ក្រុម​ម៉ូសាត​។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ដដែល​នេះ លោក​មេឌី​ ហ្វារីដបាន​ជួយ​ឱ្យ​អ្នក​ដទៃ​ទៀត​ដែល​មិន​មែន​ជា​បុគ្គលិក​របស់​ស្ថាប័ន​ការ​ពារ​ជាតិ​អ៊ីរ៉ង់​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ណិត​វើក​នោះ​បាន​តាម​រយៈ​ការ​ភ្ជាប់​នឹង​យូអែស​ប៊ី (USB)។ លោក​​ហ្វា​រីដ​ជា​អតីត​បុគ្គលិក​ស្ថាប័ន​ថាម​ពល​នុយ​ក្លេ​អ៊ែរ​។ លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្ដល់​ឱ្យ​អ៊ីស្រា​អែល​នូវ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ស្ថាប័ន​, ទី​តាំង​អគារ​, នីតិ​វិធី​ក្នុង​ការ​ការ​ពារ​ខ្លួន​ និង​ទិន្នន័យ​របស់​បុគ្គលិក​។ អ៊ីរ៉ង់​មិន​បាន​ប្រកាស​ថា​តើ​​ស្ថា​ប័ន​នោះ​ឈ្មោះ​អ្វី​ ហើយ​ឯក​សារ​អ្វី​ខ្លះ​​ដែល​អ៊ីស្រា​អែល​​ទទួល​បាន​នោះ​ទេ​។​​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​អះ​អាង​ថា​នៅ​ក្នុង​ពេល​កាត់​ក្ដី​នោះ លោក​ហ្វា​រីដ​បាន​ឆ្លើយ​សារ​ភាព​ដោយ​ស្មោះ​​ត្រង់​ថា​ខ្លួន​​​បាន​​សហ​​ការ​ជា​មួយ​ក្រុម​ម៉ូសាត​ពិត​ប្រាកដ​មែន​។ យោង​តាម​របាយ​ការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស​ លោក​ហ្វារីដ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធ​នា​គារ​អឺវីន (Evin) កាល​ពី​រដូវ​រងា​ឆ្នាំ​២០២២​។ ពី​ដំបូង​ដៃ​ សំណុំ​រឿង​របស់​គាត់​ត្រូវ​បាន​កាត់​ក្ដី​ដោយ​តុលាការ​បដិវត្ត​ និង​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ដប់​ឆ្នាំ​។ ប៉ុន្តែ​រដ្ឋ​អាជ្ញា​​បាន​ជំទាស់​ ហើយ​ប្ដឹង​សា​ទុក្ខ​។ ដូច្នេះ តុលា​ការ​ក៏​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​តែ​ម្ដង​៕ ប្រភព​៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ