ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួង​ប្រកាស​ហាមឃាត់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​នូវ​មាតិកា ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ស្ត្រី​ខ្មែរ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ចំនួន​៣ ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​បាន​សេចក្តី ណែនាំ​ ស្តី​ពីការ​ហាមឃាត់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត ​នូវ​មាតិកា…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ចំនួន​៣ ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​បាន​សេចក្តី ណែនាំ​ ស្តី​ពីការ​ហាមឃាត់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត ​នូវ​មាតិកា ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ស្ត្រី​ខ្មែរ ​។

យោង​តាម​សេចក្តីណែនាំ​រួម​គ្នា​ នៅ​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០២៦ ​របស់ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​លើក​ឡើង​ថា កន្លង​មក ក្រសួង​ព័ត៌មាន ​ធ្លាប់​បាន​ផ្តល់​ នូវ​សេចក្តីណែនាំ​ដល់​អ្នក​ផលិត​មាតិកា​ ផ្សព្វផ្សាយ​ តាម​បណ្តាញ​ទំនាក់ទំនងសង្គម ដោយ​ផ្តោត​ការ​ផលិត និង​ការ​ចែកចាយ ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​សង្គម​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​អ្នក​ផលិត​មាតិកា​មួយ​ចំនួន ​បាន​បំពាន​សេចក្តីណែនាំ ក្រមសីលធម៌ និង​មនសិការ​វិជ្ជាជីវៈ ឬ​ខ្វះ​ការ​ពិចារណា ​ក្នុង​ការ​ថែរក្សា​វប្បធម៌ ប្រពៃណី អត្តសញ្ញាណ​ជាតិខ្មែរ និង​ជាពិសេស​ការ​លើកតម្កើង​សេចក្តី ​ថ្លៃថ្នូរ​ និង​កិត្តិយស​របស់​ស្ត្រី ដោយ​បាន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត នូវ​មាតិកា ​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ អ​សីលធម៌ និង​ប្រើប្រាស់​រូបរាង​កាយ​ស្ត្រី​បង្ហាញ​រូបភាពអនាចារ​ និង​ស្រើបស្រាល ដើម្បី​តែ​ស្វែងរក​ការ​ចាប់អារម្មណ៍​ និង​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​បម្រើ​ឱ្យការ​លក់​ផលិតផល​របស់​ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ប្រពៃណី និង​សីលធម៌​សង្គម ជាតិខ្មែរ​ ។

ប្រភព​ បាន​លើក​ឡើង​ថា ការ​ផលិត ចែកចាយ និង​ផ្សព្វផ្សាយ​បន្ត​នូវ​មាតិកា​ទាំងនេះ បណ្តាល​ឱ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ដ៏​ផូរផង់​នៃ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ ដែល​បុព្វបុរស​ខ្មែរ​បាន​ខិតខំ​ថែរក្សា និង​លើកតម្កើង​តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ការ​ចម្លង​គម្រូ​វប្បធម៌​បរទេស ​តាម​រយៈ​ការ​យក​ស្ត្រី​ជា​កម្មវត្ថុ​នៃ​ការ​បង្ហាញ​កេរ្តិ៍ខ្មាស និង​ភាព​ស្រើបស្រាល ត្រូវ​ចៀសវាង​ជា​ដាច់ខាត ព្រោះ​នេះ​ ជា​ការ​ទម្លាក់​នូវ​គុណ​តម្លៃ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​ជាការ​ប្រាសចាក​ប្រពៃណី និង​វប្បធម៌​កម្ពុជា ដែល​អាច​នាំ​ដល់​ការ​ធ្លាក់​ចុះ ​នៃ​សីលធម៌ នឹង​ការ​យល់​ដឹង​អំពី អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​ចំណោម​យុវជន​ និង​យុវតី​ជំនាន់​ក្រោយ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញទំនាក់ទំនង​សង្គម ​។

ជាមួយ​គ្នា​នោះ​ដែរ ​អន្តរក្រសួង ​បាន​បន្ត​ថា ​ដើម្បី​លើកកម្ពស់​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​សីលធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ ជា​ពិសេស ថែរក្សា​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​គុណ​តម្លៃ​ស្ត្រី ក្នុង​បរិបទ ​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និងប្រព័ន្ធ​ផ្សព្វផ្សាយ ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ សូម​ណែនាំ​ដល់អ្នក​ផលិត​មាតិកា អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​សារព័ត៌មាន​ប្រជាជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គ្រប់​ប្រភេទ​ទាំងអស់ ដូច​ខាងក្រោម​ ៖

១- បញ្ឈប់​រាល់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​គ្រប់​រូបភាព សារ​ជា​អក្សរ​/​សំឡេង វី​ដេ​អូ ឬ មាតិកា​ទាំងឡាយ​ណា ​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ ជេរ​ប្រមាថ និង​បង្ហាញ​កេរ្តិ៍ខ្មាស និងភាព​ស្រើបស្រាល ដូច​ជា​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​ជ្រុល​ហួសហេតុ​ពេក កាយវិការ​ត្រាប់ តាម​សកម្មភាព អាសអាភាស និង​អំពើ​ហិង្សា​ផ្ទុយ​នឹង​សីលធម៌​ប្រពៃណី​ខ្មែរ ​។

២- បញ្ឈប់​រាល់​ការ​យក​រូបរាង​កាយ​ស្ត្រី និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ស្ត្រី ដែល​មាន​លក្ខណៈ​អនាចារ និង​ស្រើបស្រាល មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ទាក់ទាញ​ការ​ចូល​ចិត្ត ការ​ចែករំលែក​បន្ត និង​ការចូល​មើល (Likes, Shares, Views) នូវ​មាតិកា​របស់​ខ្លួន ឬ​មក​ភ្ជាប់​នឹង​ការ​ផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​បក្ខពួក ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។

៣-​ សូម​ចូលរួម​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​ នូវ​មាតិកា​ដែល​បង្ហាញ​អំពី​ខ្លឹមសារ សកម្មភាព និង​រូបភាព​នានា ​ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ និង​ការ​លើកតម្កើង​កិត្តិយស និងគុណ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ​ឱ្យ​បាន​ទូលំទូលាយ និង​បង្ហាញ​នូវ​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម និង​នៅ​លើ​ឆាក​អន្តរជាតិ ​។

៤- រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល ឬ​សេវាកម្ម​នានា ត្រូវ​ចៀសវាង​ដាច់ខាត ​នូវ​ការ​ប្រើប្រាស់ រូបភាព ឬ​ភាសា​ ដែល​បង្កប់​នូវ​ការ​រើសអើង​ភេទ និង​ការ​បំពាន​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និងមនុស្ស​គ្រប់​ៗ​រូប ​។

៥- អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​សារព័ត៌មាន​ប្រជាជន និង​អ្នក​សារព័ត៌មាន​គ្រប់​ៗ​រូប ត្រូវ​ប្រកាន់ខ្ជាប់​ នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ សារព័ត៌មាន និង​ត្រូវ​គោរព​ច្បាប់​ជា​ធរមាន ដោយមិន​ត្រូវ​ផលិត ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​នូវ​មាតិកា​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​តម្លៃ​ស្ត្រី​ ។

៦- សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការ​ផលិត​មាតិកា ដែល​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ការ​អប់រំ បំ​ណិ​ន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ជាតិខ្មែរ ដើម្បី​ចូលរួម​កសាង​សង្គម​មួយ ​ដែល​មានចំណេះដឹង និង​ប្រកបដោយ​សីលធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់ ក៏​ដូច​ជា​ការ​លើកកម្ពស់​សមភាព យេ​ន​ឌ័​រ ​នៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ ។

ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការ​នារី និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ សូម​ជម្រាប​ដល់​អ្នក​ផលិត មាតិកា អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​សារព័ត៌មាន​ប្រជាជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ប្រភេទ សូម​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់ ​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និង​សុជីវធម៌​សង្គម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់​ជាតិ និង​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម​ជាតិ ​។

ក្រសួង ​នឹង​ចាត់វិធានការ​យ៉ាង​តឹង​រឹង​តាម​ច្បាប់​ចំពោះ​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ ដែល​នៅ​តែ​បន្ត​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​នូវ​មាតិកា​​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ក្រោយ​ទទួល​វិធានការអប់រំ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ