រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា អាកាសធាតុ នៅរដូវចូលឆ្នាំថ្មី ខាងមុខនេះ នឹងកើនកំដៅរហូតដល់៤០អង្សាសេ គ្មានភ្លៀងនោះទេ ដូច្នេះសូមប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ នារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា សូមសាធារណជន អំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ ដោយផ្អែកលើបាតុភូតសកល និង ការព្យាករពីស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បានបង្ហាញថា បាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត៩០% រហូតដល់ខែឧសភា និងថយចុះមក ៧០% នៅក្នុងខែមិថុនា ឆ្នាំ២០២៦។ ដោយឡែក ចាប់ពីខែកក្កដា បាតុភូតអែលនីញ៉ូ (El Niño) នឹងកើនដល់កម្រិត៥០%។ ចំណែក បាតុភូតអោយអូឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral) ។
ក្រសួង បានឲ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៤០°C ។ ខ្យល់បក់មកពី ទិសទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៤០°C ។ ខ្យល់បក់មកពីទិស និរតី និងទិសទក្សិណ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ ។
ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C ។ ខ្យល់បក់មកពី ទិសនិរតី និងទិសទក្សិណ មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមាន ភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។
ក្រសួង បានអះអាងថា យោងលើការព្យាករអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពពីការកើនឡើង នៃសីតុណ្ហភាពនេះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃភ្លើងឆេះព្រៃ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នៅក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដាន នឹងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕


ចែករំលែកព័តមាននេះ