ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៤៣​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក្រាប​បទល្មើស​ជា​ច្រើន​ករណី

1 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​ចុងខែ​ឧសភា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ រួម​មាន​ករណី​ហិង្សា ក្មេង​ទំនើង លួច​ម៉ូតូ លួច​សម្ភារ លួច​កាត់​ខ្សែភ្លើង វាយ​កញ្ចក់​រថយន្ត​លួច​កាបូប និង​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ណែនាំ​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៤៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ចិន និង​វៀតណាម ។

ព្រមទាំង​ដកហូត​វត្ថុ​តាង​ជា​ច្រើន​ដូច​ជា ៖ ម៉ូតូ អាវុធ​ខ្លី អាវុធ​វែង គ្រាប់កាំភ្លើង ដាវ កាំបិត ឧបករណ៍​កាច់​សោ កន្ត្រៃ​កាត់​ដែក ទូរស័ព្ទ និង​សម្ភារ​ផ្សេង​ៗ​ទៀត ។

ចំពោះ​វត្ថុ​តាង​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ក្រោម​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​សហការ​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​នានា ដើម្បី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា និង​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ៕