តំណាងUNប្រចាំកម្ពុជា គាំទ្រកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីតាមរយៈUNCLOS
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកសម្របសម្រួលអង្កការសហប្រជាតិជាតិ(UN) ប្រចាំនៅកម្ពុជាបានគាំំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS) ។

ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឲ្យដឹងថា នៅក្នុងជំនួបលោកជំទាវVladanka Andreevaបានប្តេជ្ញាជួយកម្ពុជានិងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលដៅប្រកបដោយចីរភាព ក៏ដូចជាជួយជ្រំជ្រែងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលខ្លួនបានដាក់ចេញ ។ លោកជំទាវបានបញ្ជាក់ថា «សូមអបអរសាទ និងគាំទ្រចំពោះកម្ពុជាដែលបានប្រកាន់យកច្បាប់អន្តរជាតិដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ដែលជាគោលការណ៍ស្តារសម្រេចបានសន្តិភាព និងសន្តិសុខសកល» ។
លោកជំទាវបានបន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសជិតខាង គឺមានតែការរក្សាសុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ។ លោកជំទាវបានគាំំទ្រចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS) ក្នុងការដោះស្រាយបញ្ហាជាមួយថៃ ដោយផ្អែកលើគោលការណ៍ច្បាប់ និងដោយសន្តិវិធី ដើម្បីយ៉ាងណាមានការទទួលយកបានពីគ្រប់ភាគីមានភាពយូរអង្វែង ។
បើតាមឯកឧត្តម កែវ ពិសិដ្ឋ បានបញ្ជាក់ថា «យើងអាចមានការប្រឹក្សាយោបល់ ភាគីទាំងសងខាងអាចមានសិទ្ធិក្នុងការសុំនូវការប្រឹក្សាយោបល់ សិទ្ធិនូវការសុំនូវជំនួយការបច្ចេកទេស ជំនួយផ្សេងៗ ហើយអង្គការសហ ប្រជាជាតិនឹងឆ្លើយតបតាមតម្រូវការផ្សេងៗ តាមអ្វីដែលគេអាចផ្ដល់បានតាមក្របខណ្ឌនៃង្គការសហប្រជាជាតិ» ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការជ្រើសរើសយកយន្តការនៃការដោះស្រាយបញ្ហាតាមអង្គការសហប្រជាជាតិព្រោះកម្ពុជា មានជំនឿលើអង្គការនេះធានានូវយុត្តិធម៌ និងស្ថិរភាពពិភពលោក ។ ក្នុងជំនួបនោះផងដែរ ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ដោយបានអរគុណដល់អង្គការសហប្រជាជាតិ ដែលជាអ្នកធានាដល់ការអភិវឌ្ឍន៍ និងខែលការពារប្រទេសនានាពីអំពើអយុត្តិធម៌ ។
សម្ដេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ថា កម្ពុជានៅតែមានជំនឿលើប្រព័ន្ធពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលហេតុនេះហើយទើបសភាកម្ពុជាបានអនុម័តអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ កាលពីខែមករា និងសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដែលមានក្នុងច្បាប់នេះនៅខែមិថុនានេះផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី២ មិថុនា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសថៃ ពីការចាប់ផ្ដើមយន្តការនៃការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ បន្ទាប់ពីថៃបានដកខ្លួនចេញដោយខ្លួនឯងពី MOU ឆ្នាំ២០០១ កាលពីដើមខែឧសភាកន្លងទៅ ៕

ចែករំលែកព័តមាននេះ