ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​វា.យ​ប្រ.ហារ​តំបន់​ហ្កាហ្សា​ស.ម្លា.ប់​មនុស្ស​យ៉ាង​តិច​៩​នាក់​ និង​រ.បួ.ស​ម្ភៃ​នាក់

2 ម៉ោង មុន

ទី​ក្រុង​ហ្កា​ហ្សា​៖ ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច​៩​នាក់​ស្លាប់​ និង​ម្ភៃ​នាក់​ទៀត​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រា​អែល​ទៅ​លើ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​នៅ​ទី​ក្រុង​ហ្កា​ហ្សា​កាល​ពី​យប់​មិញ​។ នេះ​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​ដែល​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ជា​ច្រើន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ យន្ត​ហោះ​ចម្បាំង និង​ឧទ្ធម្ភាគ​ចក្រ​សហ​ការ​គ្នា​វាយ​ប្រហារ​លំនៅ​ដ្ឋាន​របស់​ប្រជា​ជន​នៅ​តំបន់ហ្កាហ្សា​ភាគ​ខាង​លិច និង​ភាគ​ខាង​ជើង​។ ​

ការ​វាយ​ប្រហារ​នោះ​ត្រូវ​ចំ​អគារ​ជាន់​ទី​បួន​នៃ​អាផាត​មេន​ឡេ​ប៊ីត​ នៅ​តំបន់​មូហា​បារ៉ាត់ (Muhabarat) បណ្ដាល​ឱ្យ​ស្លាប់​សមាជិក​គ្រួសារ​៥​នាក់​។ ក្នុង​​នោះ​មាន​លោក​ហាសាន់​ រេបា​ លេប៊ីត (Hassan Rebah Lebid), ភរិយា​របស់​គាត់​ និង​កូន​ៗ​បី​នាក់​។ កូន​ស្រី​អាយុ​៩​ឆ្នាំ​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនិត​បាក់​បែក​ដោយ​មាន​របួស​ស្នាម​បន្តិច​បន្តួច​។ នៅ​​តែល​អាល់​ហាវ៉ា (Tel Al-Hawa) ជន​ជាតិ​ប៉ាឡេស្ទីន​២នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​។

មនុស្ស​២​នាក់​ទៀត​ក៏​បាន​ស្លាប់​ផង​ដែរ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​គ្រួសារ​មូ​ហាណា (Muhana) នៅ​ជំរំ​ជន​ភៀស​ខ្លួន​សាទី (Shati) និង​ទៅ​ក៏​វាយ​ប្រហារ​​ទៅលើ​លំនៅ​ដ្ឋាន​មួយ​កន្លែង​ក្បែរ​ចំណុច​ប្រសព្វ​អាប៊ូ​អាមីន (Abu Amin)។ សង្គ្រាម​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ជិត​៧៣០០០​នាក់​ និង​របួស​ជាង​១៧​ម៉ឺន​នាក់​ ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។ ទោះ​បី​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៥​យ៉ាង​ណា​ក្ដី​​ ប៉ុន្តែ​យោធា​អ៊ីស្រាអែល​នៅតែ​បន្ត​សម្លាប់​ជន​ជាតិ​ប៉ាឡេស្ទីន​៩៣២​នាក់​ និង​របួស​ជាង​២​ពាន់​នាក់​។ នេះ​បើ​យោង​តាម​ការិយាល័យ​ព័ត៌​មាន​ប្រចាំ​តំបន់​ហ្កា​ហ្សា​៕ ប្រភព៖ AP