រយៈពេល៥ខែ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការ៤៣នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់ ។

ក្រសួងបរិស្ថានបានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៦ ក្រុមការងារបានធ្វើសកម្មភាពល្បាតចំនួន៥៣៣៨លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៨៩៦ករណី មានជាអាទ៌បទល្មើសព្រៃឈើចំនួន២៩៣ករណី បទល្មើសសត្វព្រៃចំនួន២២៦ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន២៤២ករណី បទល្មើសនេសាទចំនួន១២៦
ករណី និងបទល្មើសធនធានរ៉ែ៩ករណី ។

ក្នុងរយៈពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៦៨ សំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការចំនួន៤៣នាក់ ។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតមធ្យោបាយប្រព្រឹត្តបទល្មើស រួមមានរណារយន្តចំនួន២២៨គ្រឿង គោយន្ត ចំនួន១៨គ្រឿង ម៉ូតូចំនួន៣៣គ្រឿង និងគ្រឿងយន្តមួយចំនួនទៀត ។ លើសពីនេះក្រុមការងារបានចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស រួមមានកាំភ្លើងកែច្នៃចំនួន៨៦ដើម មានគ្រប់១៥គ្រាប់ អាវុធ៤ដើម គ្រាប់៥១គ្រប់ អន្ទាក់ឆក់ចំនួន១២២៥ម៉ែត្រ និងអន្ទាក់ខ្សែមានចំនួន១១២២០ខ្សែ ។

សូមបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន១២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន១៧៨ ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន៦៥ករណី បទល្មើសសត្វព្រៃចំនួន៤៤ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន៤៤ករណី បទល្មើសនេសាទចំនួន២៤ករណី និងបទល្មើសធនធានរ៉ែ១ករណី ។

ក្រសួងបរិស្ថានបានបន្តពង្រឹងការល្បាត ការពារព្រៃឈើ និងសត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង។ សញ្ញាណទីតាំងដែលមានការដុតបំផ្លាញ ការកាប់ឈើ ឬការឈូសឆាយដីខុសច្បាប់។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានដាក់ចេញនូវការគ្រប់គ្រង អភិរក្ស និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស បន្តពង្រឹងកិច្ចសហការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព ៕

ចែករំលែកព័តមាននេះ