ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​សមាជិ​ក​អាស៊ាន និង​សហរដ្ឋ​អា​ម៉េរិ​ក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋ​អាម៉េរិក ក្នុង​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ។

កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និង​ជា​ឧត្តមមន្ត្រី​អាស៊ាន​កម្ពុជា បាន​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​-​សហរដ្ឋ​​អាម៉េរិក​លើក​ទី​៣៨ ជាមួយឯកឧត្តម Michael George De​Som​bre ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក និង​​ជា​ឧត្តមមន្ត្រី​សហរដ្ឋ​អាម៉េរិក នៅ​លេខាធិការដ្ឋាន​អាស៊ាន ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ការ​បទេស​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​សំណាក់​ឧត្តមមន្ត្រី និង​តំណាង​ពី​ប្រទេស​សមាជិក​អាស៊ាន សហរដ្ឋ​អាម៉េរិក និង​លេខាធិការដ្ឋាន​អាស៊ាន​ ។

កិច្ចប្រជុំ​បាន​ស្វាគមន៍​ចំពោះ​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក (២០២១-២០២៥) ពិនិត្យ​ឡើង​​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន-​សហ​រដ្ឋ​អាម៉េរិក កំណត់​វិស័យ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​កា​រវិ​វត្ត​ក្នុង​តំបន់ និង​អន្តរជាតិ​ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ទន្ទឹងរង់ចាំ​ការ​អបអរ​ខួប​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ​២០២៧ផង​ដែរ ​។

ក្នុង​នាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហ​រដ្ឋអាម៉េរិក​កម្ពុជា​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋ​អាម៉េរិក ក្នុង​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​ឲ្យ​ឈាន​ទៅ​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ទាំង​ពីរ​៕