ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រាប់​ប្រធានាធិបតី​ចិន​ ថា​ចិន​ជា​មិត្ត​ពិតប្រាកដ និង​ជាទី​ទុកចិត្ត

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំពោះ​មុខ​លោក ស៊ី ជី​ន​ពីង អគ្គលេខាធិការ​ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ចាត់​ទុក​ចិន គឺជា​មិត្ត​ចាស់ មិត្ត​ពិតប្រាកដ និង​ជាទី​ទុកចិត្ត​របស់​កម្ពុជា ។

ឯកឧត្តម ​ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ ​បានឱ្យ​ដឹង​ថា​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​លោក ស៊ី ជី​ន​ពីង នៅ​មហា​វិមាន​ប្រជាជន​ចិន នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ លោក ស៊ី ជី​ន​ពីង បាន​ហៅ​សម្តេច​តេ​ជោ​ថា ជា​មិត្ត​ចាស់ ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ភ្ជាប់​ក៏​ដូច​ជា​កសាង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ​ឱ្យ​កាន់តែ​រឹង​មាំ​ដល់​ពេល​បច្ចុប្បន្ន ។

លោក​ប្រធានាធិបតី​ចិន ​បាន​លើក​ឡើង​ថា ទំនាក់​ទំន​ង​កម្ពុជា​-​ចិន គឺជា​ទំនាក់​ទំ ន​ង​ដែល​មាន​ភាពរឹងមាំ​ដូច​ផ្ទាំងសិលា​ដូច្នោះ​ដែរ ។

អ្នកនាំពាក្យ​ បានឱ្យ​ដឹង​ទៀត​ថា ​ជា​កិច្ច​ឆ្លើយ​តប សម្តេច​តេ​ជោ​ បាន​បង្ហាញ​ការ​ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ព្រោះថា កម្ពុជា​-​ចិន ​គឺជា​មិត្ត​ដែកថែប ទោះបីជា​ពិភពលោក​មានការ​ប្រែប្រួល និង​អាកាសធាតុ​ប្រែប្រួល​យ៉ាងណា ក៏​ដោយ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​មិន​មានការ​ប្រែប្រួល​ឡើយ ។

អ្នកនាំពាក្យ​បញ្ជាក់​ថា ៖ “​សម្តេច​តេ​ជោ​បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ឯកឧត្តម ស៊ី ជី​ន​ពីង​ថា មិត្តភាព​កម្ពុជា​-​ចិន ​ដែល​កម្ពុជា​ ចាត់​ទុក​ចិន​ជា​មិត្ត​ចាស់ មិត្ត​ពិតប្រាកដ និង​ជាទី​ទុកចិត្ត​របស់​កម្ពុជា​” ។

ជាមួយ​គ្នា​នោះ​ដែរ​ អ្នកនាំពាក្យ​សម្តេច​តេ​ជោ ​ក៏បានឱ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​ប្រធានាធិបតី​ចិន ក៏​បាន​វាយតម្លៃ​ខ្ពស់ ​និង​កោតសរសើ​រចំពោះ​កម្ពុជា​ ដែល​បាន​បោក​សម្អា​ត​ នូវ​ឧក្រិដ្ឋកម្ម​អន​ឡាញ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​ចិន ​តែងតែសហការ និង​បន្ត​សហការ​ជាមួយ​កម្ពុជា​ជា​និច្ច ​ក្នុង​ការ​បោស​ស​ម្អា​ត​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ​ ។

សូម​បញ្ជាក់​ថា មិត្តភាព​ដែកថែប ​កម្ពុជា​-​ចិន គឺជា​ពាក្យ​គន្លឹះ​យុទ្ធសាស្ត្រ​ការទូត​ដ៏​រឹង​មាំ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​លំដាប់​ខ្ពស់​បំផុត និង​មិន​អាច​បំបែក​បាន​រវាង​ប្រទេស​ទាំង​ពីរ​។ ទំនាក់ទំនង​នេះ ​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រហូត​ឈាន​ដល់​កម្រិត «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» និង​ការ​កសាង «​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​»៕

Screenshot