ទីក្រុងឌុយបៃ៖ អ៊ីរ៉ង់នៅតែទាមទារសិទ្ធិគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ អ៊ីរ៉ង់ព្រមានក្រុមប្រទេសនៅឈូងសមុទ្រពែក្សថាមិនត្រូវចូលដៃជាមួយអាមេរិកទេ។ ការថ្លែងដូច្នេះមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារកប៉ាល់មួយគ្រឿងក្បែរប្រទេសអូម៉ង់។ នេះជាការរំលេចឱ្យឃើញថាកិច្ចព្រមព្រៀងបឋមដើម្បីបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះពោរពេញដោយភាពផុយស្រួយ។ អ៊ីរ៉ង់កំពុងឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាជា «សេចក្ដីថ្លែងការណ៍រួមរវាងអាមេរិក និងរដ្ឋចំនួន៦នៅឈូងសមុទ្រពែក្ស។ អ៊ីរ៉ង់ចាត់ទុកសេចក្ដីថ្លែងការណ៍នេះមានចរិតជ្រៀតជ្រែកនិយម គ្មានការទទួលខុសត្រូវ និងបង្កហេតុ» ព្រោះបានច្រានចោលការទាមទាររបស់អ៊ីរ៉ង់ដែលចង់តម្រូវឱ្យកប៉ាល់បើកកាត់ច្រកសមុទ្រនោះត្រូវតែបង់លុយ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកកាសឹម ការីបាបាឌី (Kazem Gharibabadi) បង្ហោះសារនៅលើបណ្ដាញអ៊ិចថាអ៊ីរ៉ង់មិនអាចធានាការបើកបរកប៉ាល់កាត់ច្រកហូរម៉ូសដោយសុវត្ថិភាពបានឡើយប្រសិនបើកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកសមុទ្រនេះមានភាពមិនច្បាស់លាស់, មានច្រកផ្លូវផ្សេង ឬមានការសម្រេចចិត្តដែលផាត់ចោលតួនាទីរបស់អ៊ីរ៉ងជាភាគីសំខាន់។ ទោះបីមានការបកស្រាយដ៏ចម្រូងចម្រាសចំពោះកិច្ចព្រមព្រៀងកាលពីសប្ដាហ៍មុន ប៉ុន្តែប្រេងឆៅនៅតែបន្តធ្លាក់ថ្លៃនៅថ្ងៃនេះ។

បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល៤ខែដោយសារសង្គ្រាមអ៊ីរ៉ង់ នៅទីបំផុត កប៉ាល់ឈ្មោះសាអូឌី អារ៉ាំកូ (Saudi Aramco) នៅតែបន្តដឹកជញ្ជូនប្រេងឆៅជាធម្មតានៅកន្លែងស្តុកប្រេងរ៉ាស់ តានូរ៉ា (Ras Tanura) នៃតំបន់ឈូងសមុទ្រពែក្ស។ ទីនេះជាកំពង់ផែនាំប្រេងចេញធំបំផុតនៅលើពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ ទើបតែបិទបញ្ចប់ទស្សនកិច្ចនៅឈូងសមុទ្រពែក្សដើម្បីធានាប្រាប់ក្រុមប្រទេសសម្ព័ន្ធមិត្តថានឹងមានកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន។ លោករូប៊ីអូថ្លែងថាប្រសិនបើអ៊ីរ៉ង់គំរាមបិទ ឬបិទច្រកហ័រម៉ូស ពេលនោះនឹងមានរឿងត្រូវនិយាយគ្នា។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះ លោករូប៊ីអូ និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ហៅកាត់ថាជីស៊ីស៊ី (GCC) បានអំពាវនាវឱ្យមានការបើកកប៉ាល់កាត់ច្រកហ័រម៉ូសដោយសេរី, ឥតលក្ខខណ្ឌ និងគ្មានការរិតត្បិត។ កប៉ាល់មិនត្រូវបង់ប្រាក់ថ្លៃបើកកាត់ទីនេះទេ ហើយគ្មានប្រទេសណាមានសិទ្ធិគ្រប់គ្រងដែនសមុទ្រអន្តរជាតិនោះដែរ។ ប្រសិនបើចង់ឱ្យមានសន្តិភាពជាស្ថាពរត្រូវតែអ៊ីរ៉ង់លុបបំបាត់ចោលកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន លុបចោលកម្មវិធីផលិតដ្រូន និងឈប់គាំទ្រចលនាប្រដាប់អាវុធនៅប្រទេសដទៃទៀត៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ