ទីក្រុងតូក្យូ៖ព្រឹទ្ធសភាជប៉ុនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងច្បាប់កែទម្រង់ក្រសួងការពារជាតិ ដោយបើកផ្លូវឱ្យមានការប្ដូរឈ្មោះ «កងកម្លាំងស្វ័យការពារអាកាស» ទៅជា «កងកម្លាំងស្វ័យការពារអាកាសនិងលំហអាកាស» នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២៦ ខែមិថុនានេះ។
ក្រោមច្បាប់ថ្មីនេះ ជប៉ុននឹងបង្កើតក្រុមប្រតិបត្តិការលំហអាកាសថ្មីមួយ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល និងបង្ហោះផ្កាយរណប ព្រមទាំងដំឡើងឋានៈកងពលតូចទី១៥ របស់កងកម្លាំងជើងគោកនៅក្នុងខេត្តអូគីណាវ៉ា ឱ្យទៅជាកងពលធំពេញលេញផងដែរ។
ទោះជាយ៉ាងណា មហិច្ឆតានៃការបង្កើនកងទ័ពអាកាស និងការពង្រីកដែនសមរភូមិទៅលើលំហអាកាសនេះ បានរងការរិះគន់ និងជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសន្តិភាពនិយម និងមេដឹកនាំគណបក្សប្រឆាំងនៅក្នុងសភា។ ពួកគេបានព្រមានថា ចំណាត់ការនេះអាចអនុញ្ញាតឱ្យមានការវាយប្រហារលើប្រទេសដទៃ បង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា និងរុញច្រានជប៉ុនឱ្យធ្លាក់ក្នុងហានិភ័យនៃសង្គ្រាម ទាំងដែលនិយមន័យនៃការប្រើប្រាស់សិទ្ធិការពារខ្លួនរួម នៅមិនទាន់ត្រូវបានដោះស្រាយឱ្យបានច្បាស់លាស់នៅឡើយ៕
ចែករំលែកព័តមាននេះ