ទីក្រុងហាណូយ៖ រដ្ឋាភិបាលវៀតណាមទើបតែបានចេញក្រឹត្យថ្មីមួយយស្តីពីប្រតិបត្តិការហោះហើរ ដោយបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ដ៏តឹងរ៉ឹង និងទូលំទូលាយ ក្នុងការចាត់វិធានការលើរាល់យន្តហោះទាំងឡាយណាដែលរំលោភបំពានដែនអាកាសជាតិរបស់ខ្លួន រាប់ចាប់តាំងពីការស្ទាក់ចាប់ ការហោះហើរអម រហូតដល់ការប្រើប្រាស់យន្តហោះចម្បាំងយោធាដើម្បីបង្ខំឱ្យចុះចត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។
យោងតាមក្រឹត្យថ្មីនេះ យន្តហោះរបស់កងទ័ពប្រជាជនវៀតណាម នឹងបើកការស្ទាក់ចាប់ដោយការហោះហើរចូលទៅជិតយន្តហោះដែលល្មើសច្បាប់ពីខាងក្រោយផ្នែកខាងឆ្វេង (ឬខាងស្តាំក្នុងករណីអាកាសធាតុ ឬស្ថានភាពចាំបាច់) រួចផ្ដល់សញ្ញាព្រមានជាសំឡេងវិទ្យុ និងសញ្ញាដែលមើលឃើញផ្ទាល់ភ្នែក ដើម្បីឱ្យយន្តហោះនោះកែប្រែទិសដៅ ឬបញ្ឈប់ការរំលោភបំពាន។ ក្នុងករណីយន្តហោះល្មើសច្បាប់នៅតែរឹងរូស មិនព្រមអនុវត្តតាមការណែនាំ ឬក្នុងករណីមានការជ្រៀតជ្រែកខុសច្បាប់ណាមួយ យន្តហោះយោធាវៀតណាមមានសិទ្ធិពេញលេញក្នុងការបញ្ជា និងបង្ខំឱ្យយន្តហោះនោះចុះចតជាបន្ទាន់នៅព្រលានយន្តហោះដែលបានកំណត់ ដែលមានលក្ខណៈបច្ចេកទេសសមស្រប និងមានប្រេងគ្រប់គ្រាន់។
ទោះជាយ៉ាងណាក៏ដោយ ក្រឹត្យនេះបានសង្កត់ធ្ងន់ថា រាល់ប្រតិបត្តិការទាំងអស់ត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពរបស់មនុស្ស យន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធនៅលើដី។ បន្ទាប់ពីការចុះចត ក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងអាជ្ញាធរអាកាសចរណ៍វៀតណាម នឹងសហការគ្នាដើម្បីគ្រប់គ្រង និងពិនិត្យយន្តហោះ ក្រុមនាវិក អ្នកដំណើរ រួមទាំងទំនិញទាំងអស់ទៅតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ