ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រាយការណ៍​ថា​ បុរស​២​នាក់​មាន​កាំភ្លើ.ងខ្លី​ឈរ​លើ​ដំបូលផ្ទះ នគរបាល​ក៏​ឡើង​ទៅ​ឃាត់ខ្លួន និង​​ដកហូត​បាន​កាំភ្លើ.ងខ្លី​ជ័រ​១​ដើម

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មហាជន​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ថា​បានឃើញ​បុរស​២​នាក់​មិន​ស្គាល់​សមាសភាព ប្រដាប់​ដោយ​កាំភ្លើងខ្លី​ឈរ​នៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច ។ គ្រាន់តែ​បាន​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ក៏​បាន​ឡើង​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់​នោះ​ឲ្យ​ដេក​ផ្កាប់មុខ រួច​វាយ​ខ្នោះដៃ​ទៅ​ក្រោយ​ភ្លាម​ៗ ហើយ​ដកហូត​បាន​តែ​កាំភ្លើងខ្លី​ជ័រ​១​ដើម​ប៉ុណ្ណោះ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៣ ខែ មិថុនា ឆ្នាំ​២០២៦ នៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​នគរបាល​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​និង​សមាសភាព​នៅឡើយ​ទេ ដោយ​ក្រោយ​ពេល​ឃាត់ខ្លួន​ត្រូវ​បាន​នគរបាល​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ភ្លាម​ៗ ។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ថា នៅ​វេលា​ម៉ោង​ខាងលើ​មហាជន​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​នោះ​ថា បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី កំពុង​ឈរ​នៅ​លើដំបូល​ផ្ទះ ។ ភ្លាម​ៗ​នោះ​លោក អនុសេនីយ៍ឯក សាយ ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មាន​ទាំង​ឯកសណ្ឋាន​ជា​នគរបាល​និង​ស៊ី​វិល ពាក់អាវ​ក្រោះ​ការពារ​គ្រាប់ ប្រាប់​ដោយ​អាវុធ​វែង​និង​ខ្លី​គ្រប់​ដៃ​ផង ចុះ​ទៅ​កាន់​ទីតាំង​ខាងលើ ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នោះ​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​តែ​កាំភ្លើងខ្លី​ជ័រ​១​ដើម​ប៉ុណ្ណោះ មិន​បានឃើញ​មាន​កាំភ្លើង​ពិត​នោះ​ទេ ដោយ​ពុំ​ដឹង​ថា​ពួក​គេ​បោះចោល​មុន​ពេល​នគរបាល​ទៅ​ដល់ ឬ​បែប​ណា​ឡើយ ។ បន្ទាប់​មក​នគរបាល​ក៏​បាន​នាំ​ខ្លួន​ជន​ទាំង​២​នាក់​នោះ​យក​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ពុំ​ទាន់​ដឹង​ពី​គោលបំណង​របស់​ជនសង្ស័យ​ក្នុង​ប្រើប្រាស់​កាំភ្លើងខ្លី​ជ័រ​នោះ​ដើម្បី​អ្វី​នោះ​ទេ ៕​