ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់បាញ់ស្រោចមីស៊ីល និងដ្រូនបុកព្រលានយន្តហោះកូវ៉ែត របួសជាង ៦០នាក់​

4 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះអាវុធយ៉ាងស្រួចស្រាវជាថ្មីម្តងទៀត នៅថ្ងៃពុធនេះ បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់គ្រាប់មីស៊ីល និងដ្រូនទៅលើប្រទេសកូវ៉ែត​បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត យ៉ាងហោចណាស់ ៦៣ នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារអ្នកដំណើរ​ នៃព្រលានយន្តហោះអន្តរជាតិកូវ៉ែត ព្រមទាំងស្ថានទូតការទូតមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនានេះ។

សោកនាដកម្មនេះបានបង្ខំឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលគូវែតប្រកាសផ្អាករាល់ជើងហោះហើរទាំងអស់ជាបណ្ដោះអាសន្ន មុននឹងអនុញ្ញាតឱ្យហោះហើរឡើងវិញជាបណ្តើរៗតាមច្រកផ្សេងក្រោយការវាយតម្លៃសុវត្ថិភាព។

កងទ័ពកូវ៉ែតបានអះអាងថា ខ្លួនបានតាមដាន និងបាញ់ស្ទាក់ចាប់មីស៊ីលបាលីស្ទីកចំនួន ១៣ គ្រាប់ និងដ្រូនចំនួន ១៧ គ្រឿងនៅក្នុងដែនអាកាសខ្លួន ចាប់តាំងពីព្រលឹមស្រាងៗ ដោយបំណែកកម្ទេចកំទីបានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ។ មិនត្រឹមតែកូវ៉ែតនោះទេ ប្រទេសបារ៉ែន​ក៏បានប្រកាសស្ទាក់ចាប់មីស៊ីល ៣ គ្រាប់ និងដ្រូនជាច្រើនគ្រឿងផងដែរ ស្របពេលដែលអ៊ីរ៉ង់បានចេញមុខប្រកាសក្តៅៗថា ខ្លួនពិតជាបានបើកការវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងទ័ពជើងទឹកទី៥ របស់សហរដ្ឋអាម៉េរិក​នៅក្នុងប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាសមួយកន្លែងទៀតនៅក្នុងតំបន់។

ជាការឆ្លើយតប កងទ័ពសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារបកវិញនៅក្បែរច្រកសមុទ្រ Hormuz និងបានបាញ់មីស៊ីលកម្ទេចនាវាដឹកប្រេងមួយគ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ ការវាយប្រហារបកទៅវិញទៅមកនេះ បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងជាង ២% ភ្លាមៗ ខណៈច្រកសមុទ្រ Hormuz នៅតែបន្តបិទដដែល បើទោះបីជាប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ព្យាយាមអះអាងថាកិច្ចចរចាកំពុងបន្តធ្វើឡើងក៏ដោយ ប៉ុន្តែខាងភាគីអ៊ីរ៉ង់បានបដិសេធថាមិនមានការចរចាណាមួយឡើយ៕