ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គាំទ្រ​កិច្ច​ប្រឹងប្រែង​ដោះស្រាយ​វិវាទ​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី និង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ទំនាក់ទំនង​ទ្វេ​ភាគីឡើង​វិញ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​ជប៉ុន ​បាន​គាំទ្រ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី និង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ទំនាក់ទំនង​ទ្វេភាគី​ឡើង​វិញ​ ​នេះ​បើ​តាម​ឯកអគ្គរាជទូត​ជប៉ុន ​ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​មេគង្គ នៃ​ក្រសួងការបរទេស​ជប៉ុន ​។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូត​ជប៉ុន​ ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​មេគង្គ នៃ​ក្រសួងការបរទេស​ជប៉ុន​ ។

ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​ បាន​ផ្លាស់​ប្ដូរ​យោបល់​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​ជប៉ុន ព្រមទាំង​បន្ត​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​ភាព​ជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ​។

ក្នុង​ឱកាស​នោះ រដ្ឋលេខាធិការ ក៏​បាន​ជម្រាប​ជូន​អំពី​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​ជា​ថ្មី ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រម ព្រៀង​ដែល​មាន​ស្រាប់ និង​បាន​ថ្លែង អំណរ​គុណ​ដែល​ជប៉ុន ​តែងតែ​អញ្ជើញ​ចូលរួម​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ប្រទេស​សមាជិក​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា ចុះ​សង្កេតការណ៍​ស្ថាន​ការណ៍ ​នៃ​ការ​គោរព និង​អនុ​វត្តបទ​ឈប់​បាញ់​រវាងកម្ពុជា​-​ថៃ ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម HAYASHI ក៏​បាន​បញ្ជាក់​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ជប៉ុន ​ក្នុង​ការ​គាំទ្រ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្ពុជា​-​ថៃ ដោយ​ស ន្តិ​វិធី និង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ទំនាក់ ទំនង​ទ្វេភាគី​ឡើង​វិញ​ ៕