ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រុកស្តារប្រឡាយ និងលូជាងកន្លះឆ្នាំ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង​ក្នុងរដូវវស្សានេះ​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​កំពុង​ខិតខំ​ស្តារ​ប្រឡាយ​និង​អណ្តូង​លូ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាង​កន្លះ​ឆ្នាំ​មក​ហើយ «​តាំងពី​ខែមករា​មក​»​ដើម្បី​ត្រៀម​នាំ​ទឹក​ចេញពី​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​រដូវវស្សា​នេះ​។

ការងារ​នេះ​ក្រោម​ការ​យកចិត្តទុកដាក់ និង​ណែនាំ ព្រមទាំង​ការឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ផែនការ​ត្រៀម​រំដោះ​ជំនន់​ទឹកភ្លៀង​បញ្ចៀស​ការ​ជន់​លិច​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​រដូវវស្សា​។

នេះ​បើ​តាម​លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា​នេះ​។

លោកស្រី​បាន​បន្ត​ថា​៖ តាំងពី​រដូវប្រាំង​មក​ដល់​ពេល​នេះ ក្រោម ការ ជួយ ឧបត្ថម្ភ គាំទ្រ ពី ឯកឧត្តម អភិបាល រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្តារ​ប្រឡាយ និង​អណ្តូង​លូ​ជា​ច្រើន​កន្លែង​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ក្នុង​នោះ​រួម​មាន​៖ បាន​ស្តារ​ប្រឡាយ​ទួល​ពង្រ ជាប់​ព្រំ​ទល់​ខណ្ឌដង្កោ បាន​ប្រវែង ៧៥២​ម៉ែត្រ ,​ស្ដារ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៣ បាន​ប្រវែង ៤៦០​ម៉ែត្រ ,​ស្ដារ​ប្រឡាយ​មេ ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ចោម​ចៅ​ទី​១ ប្រវែង​៦១៧ ម៉ែត្រ ,​ស្តា​ប្រ​ទ្បា​យ​ទួល​ពង្រ​ទី​១ បាន​ប្រវែង​១៥០០​ម៉ែត្រ ,​ស្តា​ប្រ​ទ្បា​យ​នៅ​ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ព្រៃ​សាលា ភូមិ​ចំការ​ឪ​ទ្បឹ​ក​២ សង្កាត់​កា​កាប​ទី​២ បាន​ប្រវែង ១០៧០​ម៉ែត្រ​។

លោកស្រី ដោ សម្ផស្ស បញ្ជាក់​ទៀត​ថា​៖ ជាមួយ​គ្នា​នេះ​ក្រុមការងារ​ក៏​បាន​ស្តារ​និង​ជួសជុល​អណ្តូង​លូ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ បាន​ចំនួន​១៩៦​អណ្តូង​លូ ស្តារអណ្តូង​លូ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី បាន​ចំនួន​២២៧​អណ្តូង ស្តារអណ្តូង​លូ​នៅ​ភូមិ​ត្រពាំង​អញ្ចាញ និង​ភូមិ​សាមគ្គី ១,២,៣ សង្កាត់​ត្រពាំង​ក្រសាំង​ចំនួន​២២​អណ្តូង​លូ ស្តារអណ្តូង​លូរ​តាម បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​បាន​ចំនួន​១៦៤​អណ្តូង ស្តារអណ្តូង​លូ នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ​ទី​២ បាន​ចំនួន​១៨៥​អណ្តូង ស្តារអណ្តូង​លូ​នៅ​ភូមិ​ចោម​ចៅ​២ ភូមិ​ចោម​ចៅ​៣ បុរី​ស​ទ្បា បាន​ចំនួន ៦៤​អណ្តូង ស្តារអណ្តូង​លូ​នៅ​ភូមិ ថ្មគោល​១,២ ,៣ បាន​ចំនួន​៥៧​អណ្តូង ស្តា​អណ្តូង​លូ​នៅ​ភូមិ​ក្បាលដំរី​២ ភូមិ​ចំការ​ឪ​ទ្បឹ​ក​២ បាន​ចំនួន​៣២​អណ្តូង ស្តា​អណ្តូង​លូ​នៅ​ផ្លូវ​លេខ​២០១១ បាន​ចំនួន ៤០ អណ្តូង ស្តារអណ្តូង​លូ​នៅ​ផ្លូវ​លេខ​៧៦k បាន​ចំនួន​៤៩​អណ្តូង ស្តារអណ្តូង​លូ​នៅ​ផ្លូវ​លេខ​៨៣​បាន​ចំនួន​៣៥​អណ្តូង ស្តារអណ្តូង​លូ​នៅ​ផ្លូវ​លេខ​១០៥k បាន​ចំនួន​៣៥​អណ្តូង ស្តារអណ្តូង​លូ​នៅ​ផ្លូវ​លេខ​២០០៥,២០០៧,២០០៩ បាន​ចំនួន ៣០​អណ្តូង ស្តារអណ្តូង​លូ​នៅ​មហាវិថី​សម្តេចចៅហ្វា​វាំង​គង់​សំ​អុល (២០០៤) បាន​ចំនួន ៤៨ អណ្តូង ,​ស្តារអណ្តូង​លូ​នៅ​ផ្លូវ​លេខ​១៣៧k​បាន ចំនួន ៣​អណ្តូង​។

ចំណែក​លោក សក់ ចន្ទ​កញ្ញា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យ​ដឹង​ថា​៖ កន្លង​មក​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ស្តារ​ប្រឡាយ​ទាំ​អស់​ខាងលើ​នេះ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដើម្បី​ត្រៀម​នាំ​ទឹក​ចេញពី​ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅ​ពេល​រដូវវស្សា​មក​ដល់​។

ក្នុង​នាមអាជ្ញាធរ​មូលដ្ឋាន លោកស្រី អ្នកនាំពាក្យ សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជា​ពលរ​រដ្ឋ​នៅ​ជាប់​ប្រឡាយ និង​ផ្លូវ​នានា​ចូលរួម​ថែរក្សា​ប្រឡាយ​ដែល​បាន​ស្តារ​រួច ដោយ​ទុកដាក់​សំរាម​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​អនាម័យ​បរិស្ថាន និង​បញ្ចៀស​កា​លិចលង់ និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យើង​៕