ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​ឆបោក​អន​ឡាញ (Online Scams) ឃាត់ខ្លួន​ជនបរទេស​២៥​នាក់​បញ្ជូន​ទៅ​តុលាការ

3 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​លើ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) មួយ​កន្លែង និង​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ២៥​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន នា​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥:០០​នាទី នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ជា​លទ្ធផល ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនបរទេស​សរុប​៖ ២៥ នាក់ (​ស្រី​៣​នាក់​) មាន​២​សញ្ជាតិ គឺ​ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិ​វៀតណាម​២២​នាក់ ។ ដកហូត​បាន​កុំព្យូទ័រ​យួរដៃ (Laptop) ១៣ គ្រឿង​, ទូរស័ព្ទ​ដៃ ៦៥ គ្រឿង​, កុំព្យូទ័រ​លើ​តុ (All in One) ៣ គ្រឿង (​កំពុង​ដំណើរការ​ប្រព្រឹត្ត​បទល្មើស​), កុំព្យូទ័រ​ផ្សេង​ទៀត ៧៤ គ្រឿង​, CPU ១ គ្រឿង​, ម៉ូនីទ័រ ១ គ្រឿង រួម​នឹង​ឧបករណ៍​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​។

យោង​តាម​លទ្ធផល​បឋម​នៃ​ការ​កោសល្យវិច័យ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បង្ហាញ​ថា ក្រុម​ជនសង្ស័យ​មាន​គោលដៅ​ឆបោក​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​រូបភាព និង​ល្បិច​កល​ដូច​ជា​បោកប្រាស់​ថា​នឹង​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​កសិកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​ខុសច្បាប់ ព្រមទាំង​សន្យា​ផ្តល់​ប្រាក់ខែ​ខ្ពស់​។​រៀបចំ និង​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ រួម​មាន​៖ ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ (VISA) លិខិតធានា និង​ពាក្យសុំ​ធ្វើ​ការងារ​។​បង្កើត និង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ ធ្វើ​ជា​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។

ក្រោយ​ពី​បាន​ពិនិត្យ​របាយការណ៍ និង​ភស្តុ​តាង​នានា កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង ២៥ នាក់ (​ចិន ៣​នាក់​, វៀតណាម ២២​នាក់​)៖ ពី​បទ «​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មានការ​រៀបចំ​ជា​ក្រុម​មានការ​ចាត់តាំង​» តាម​បញ្ញត្តិ​មាត្រា​៥​កថាខណ្ឌ​ទី​១ កថាខណ្ឌ​ទី​៣ ចំណុច​១​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

ចោទប្រកាន់​លើ​ជនសង្ស័យ​គេចខ្លួន (​ជនជាតិ​វៀតណាម​១​នាក់​, ជនជាតិ​ខ្មែរ​១​នាក់ និង​បក្ខពួក​)៖ ពី​បទ «​រៀបចំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» តាម​បញ្ញត្តិ​មាត្រា​៦ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ចំណែកឯ​ជនសង្ស័យ​ដែល​បាន​គេចខ្លួន អាជ្ញាធរ​កំពុង​បន្ត​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ដើម្បី​យក​មកផ្តន្ទាទោស​តាម​ច្បាប់ ៕