ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ពោ​ធិ៍​រៀង ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ដី​បឹង​សាធារណៈ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​មូលដ្ឋាន

1 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី 2 មិថុនា លោក វ៉ា ធី​ម​អភិបាលស្រុក​ពោ​ធ៍​រៀង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ដី​បឹង​សាធារណៈ​នៅ​ក្នុង​ឃុំ​ចំនួន 2 ក្នុងស្រុក​ពោធិ៍​រៀង គឺ​បឹង​សាធារណៈ​ក្នុង​ឃុំ​ព្រែក​តាសរ និង​បឹង​ទំនប់​ថ្មី​ក្នុង​ឃុំ​កំពង់​ឫស្សី​។

ការ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​បី​បឹង​សាធារណៈ​នេះ មាន​គោលបំណង​ស្វែង​យល់​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​ដី​បឹង​ទាំងនោះ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម​។

លោក វ៉ា ធី​ម អភិបាលស្រុក​ពោ​ធ៍​រៀង បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ ក្រៅពី​ស្វែង​យល់​ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​ដី​បឹង​ហើយ ក៏​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ទន្ទាន​កាន់កាប់​ខុសច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ក៏​ស្វែង​យល់​ពី​តម្រូវការ​ក្នុង​ការ​ស្ដារ និង​ថែរក្សា​ប្រភព​ទឹកធម្មជាតិ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អាច​ទាញ​យក​ផលប្រយោជន៍ ក្នុង​ការ​បង្ករ​បង្កើន​ផល​ស្រូវ​និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ផង​ដែរ​។

លោក​អភិបាលស្រុក ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ព្រែក​តាសរ និង​ឃុំ​កំពង់​ឫស្សី ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី និង​ប្រភព​ទឹក​សាធារណៈ​របស់​រដ្ឋ ដោយ​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធានា​បាន​នៅ​និរន្តរភាព​បរិស្ថាន និង​ផលប្រយោជន៍​រួម​របស់​សហគមន៍​ទាំងមូល​៕​