ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូ​ន​អ៊ុយ​ក្រែ​ន​វា.យប្រហារ​ទីតាំង​ស្តុក​ប្រេង និង​មូលដ្ឋានទ័ព​រុ​ស្ស៊ី មុន​វេទិកា​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ចាប់ផ្តើម

2 ម៉ោង មុន

អន្តរជាតិ ៖ ដ្រូ​ន​អត្តឃាត​របស់​អ៊ុយ​ក្រែ​ន​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​ទីតាំង​ស្តុក​ប្រេង និង​មូលដ្ឋានទ័ព​នៅ​ក្នុង​ទីក្រុង St. Petersburg របស់​រុ​ស្ស៊ី មុន​ពេល​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg (SPIEF) ចាប់ផ្តើម​។ នេះ​បើ​តាម​ប្រភព​ពី AFP, Reuters, Anadolu Agency និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ បាន​ថ្លែង​ថា ទីក្រុង​គៀវ​បាន​វាយប្រហារ​លើ​មូលដ្ឋាន​សំខាន់​ៗ​របស់​រុ​ស្ស៊ី​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ពេញ​មួយ​យប់ ដែល​រួម​មាន​ទាំង​ស្ថានីយ​ប្រេង St. Petersburg ផង​ដែរ ដោយ​បាន​គូសបញ្ជាក់​អំពី​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ថា ស្ថានីយ​នោះ​មាន​ចម្ងាយ​ប្រហែល ១ ១០០ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​។

លោក​បាន​បន្ត​ទៀត​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ក៏​បាន​វាយប្រហារ​លើ​គោលដៅ​យោធា​នៅ​ឯ​មូលដ្ឋាន Kronstadt របស់​រុ​ស្ស៊ី​ផង​ដែរ​។ ចំណែក​គោលដៅ​មួយទៀត គឺ​រោងចក្រ​ផលិត​អាវុធ​ក្នុង​តំបន់ Tambov របស់​រុ​ស្ស៊ី ដែល​មាន​ចម្ងាយ​ជិត ៦០០ គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ជួរ​មុខ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Alexander Beglov អភិបាលក្រុង St. Petersburg បានឱ្យ​ដឹង​តាម​បណ្តាញ​សង្គម Telegram ថា ហេដ្ឋារចនាសម្ព័ន្ធ​នៅ Kronstadt, Kirovsky និង Krasnoselsky រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​នៅ​ព្រឹក​ព្រលឹម​ផង​ដែរ​។ មូលដ្ឋាន​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ជា​កន្លែង​ណាខ្លះ​នោះ​ទេ​។ ដោយ​គ្រាន់តែ​បញ្ជាក់​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​។

ហេតុការណ៍​នេះ​បាន​កើតឡើង មុន​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៣ ដល់ទី ៦ ខែមិថុនា ហើយ​រំពឹង​ថា​នឹង​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ ២ ម៉ឺន​នាក់​មក​ពី ១០០ ប្រទេស​។
គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១ ខែមិថុនា កន្លង​ទៅ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏​បាន​អះអាង​ដែរ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​រុ​ស្ស៊ី​ចំនួន ១៥ កន្លែង​នៅ​ចន្លោះ​ខែមករា ដល់​ខែឧសភា ដោយ​ជិត ៤០% នៃ​សមត្ថភាព​ចម្រាញ់​ប្រេង​ចម្បង​របស់​រុ​ស្ស៊ី ត្រូវ​បាន​ផ្អាក​ដំណើរការ​គិត​ត្រឹម​ខែឧសភា​៕