ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល ​មិន​កាត់​បន្ថយ​ការ​ចំណាយ​លើ​វិស័យ​អប់រំ និង​សុខាភិបាល ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឡើយ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦​ថា រាជរដ្ឋាភិបាល គ្មាន​ផែនការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​វិស័យ​អប់់រំ និង​សុខាភិបាល ទៅ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឡើយ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា មានការ​ផ្សព្វផ្សាយ​ថា ឆ្នាំ​២០២៧ រាជរដ្ឋាភិបាល​គ្រោង​កាត់​បន្ថយ​ការ​ចំណាយ​ថវិការ​ជាង​១៧០​លាន​ដុល្លារ​ពី​វិស័យ​អប់រំ និង​សុខាភិបាល ដើម្បី​យក​ទៅ​បង្កើន​ថវិកា​លើ​វិស័យ​ការពា​ជាតិ ដូច្នេះ​សម្តេច​សូម​បញ្ជាក់​ថា គ្មាន​ករណី​នេះ​ទេ ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា “​គ្មាន​ករណី​នេះ​ទេ រាជរដ្ឋាភិបាល​មិន​មានការ​កាត់​បន្ថយ​អប់រំ និង​សុខាភិបាល​ទេ ។ ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ កើន​មែន តែ​វិស័យ​សង្គមកិច្ច អប់រំ និង​សុខាភិបាល ក៏​នឹង​មិន​កាត់​ទេ គឺ​មាន​តែ​កើន​ដល់​ឆ្នាំ​២០២៩” ។

ថ្លែង​នៅ​ក្នុង​ពិធី សម្ពោធ​អគារ​កម្ពស់​៣​ជាន់ សមិទ្ធផល​នានា និង​ប្រគល់​សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន និង​សញ្ញាបត្រ​បរិញ្ញាបត្រ​អប់រំ ឯកទេស​អប់រំ​កាយ ជូន​ដល់​គរុ​សិស្ស គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បង្កើន​ថវិកា​រលើ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ ។

សម្តេច​ធិ​បតី បាន​បន្ត​ថា រាជរដ្ឋាភិបាល​តាំងពី​អណ​ត្តិ​មុន មក​ដល់​ពេល​នេះ នឹង​អនាគត ធនធានមនុស្ស​នៅ​តែ​ជា​គោលដៅ​ធំ​បំផុត ។

សម្តេច​ធិ​បតី បាន​បន្ត​ថា ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៦ បី​ឆ្នាំ​មកនេះ ថវិកា​នៅ​ក្នុង​វិស័យ​សង្គមកិច្ច អប់រំ និង សុខាភិបាល ជា​មធ្យម​កើនឡើង​ដល់​ជាង​២,៦០០​លាន​ដុល្លារ ពោល​គឺ​កើន​ជា​មធ្យម​៧​ភាគរយ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​ជាង ១,១០០​លាន​ដុល្លារ ពោល​គឺ​កើន​ជា​មធ្យម​តែ​៣,៣​ភាគរយ​ទេ ៕