ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃពុធនេះថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានបើកការវាយប្រហារដោយជោគជ័យទៅលើស្ថានីយប្រេងរបស់រុស្ស៊ី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គម X ថា ទីតាំងឧស្សាហកម្មប្រេងរបស់រុស្ស៊ីមួយនេះ (ដែលកំពុងបម្រើការឱ្យវិស័យសង្រ្គាម) គឺមានចម្ងាយរហូតដល់ទៅប្រមាណ ១,១០០ គីឡូម៉ែត្រ ពីព្រំដែនរដ្ឋរបស់ប្រទេសអ៊ុយក្រែន។
ក្រៅពីស្ថានីយប្រេងខាងលើ លោក Zelensky បានបន្ថែមថា កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារចំ «គោលដៅយោធាសុទ្ធសាធ» នៅឯមូលដ្ឋានទ័ពជើងទឹកព្រមទាំងបានវាយប្រហារលើរោងចក្រមួយកន្លែងនៅក្នុងតំបន់ Tambov របស់រុស្ស៊ី ដែលជាទីតាំងចូលរួមក្នុងការផលិតអាវុធផងដែរ។
គួរបញ្ជាក់ថា ស្ថានីយប្រេងនោះគឺជាកន្លែងផ្ទេរ និងដឹកជញ្ជូនផលិតផលប្រេងដ៏ធំបំផុតមួយនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ដោយមានសមត្ថភាពចរាចរប្រេងប្រចាំឆ្នាំរហូតដល់ ១២.៥ លានតោន៕
ចែករំលែកព័តមាននេះ