ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំផ្សងព្រេង ! យានយន្តដឹកលើសទម្ងន់៧គ្រឿង ត្រូវក្រសួងចាប់ពិន័យ និងរំលឹកដល់ម្ចាស់ក្រុមហ៊ុនទាំងអស់

3 ម៉ោង មុន

កណ្ដាល​-​ព្រៃវែង ៖ យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​ចំនួន​៧​គ្រឿង ត្រូវ​បាន​ក្រុម​ចល័ត​ក្រសួង​ចុះ​ឆ្មក់​ត្រួតពិនិត្យ និង​ពិន័យ នៅ​ខេត្តកណ្ដាល និង​ខេត្តព្រៃវែង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​៣ ខែមិថុនា​នេះ ។

នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​ចល័ត​ចម្រុះ ឯកឧត្តម គឹ​ម សាន់ អនុប្រធាន​ក្រុមការងារ ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី អនុប្រធាន​ក្រុមការងារ និង​សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ សហការ​ជាមួយ​ស្ថានីយ​ជញ្ជីង​អង្គស្នួល ខេត្តកណ្ដាល បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ពិន័យ​សរុប​ចំនួន​២​គ្រឿង ដែល​លើស​ទម្ងន់​អនុញ្ញាត​ចន្លោះ​ពី​៦​តោន ដល់ ១១​តោន និង​សហការ​ជាមួយ​ស្ថានីយ​រំចេក ខេត្តព្រៃវែង បាន​ត្រួតពិនិត្យ និង​ពិន័យ សរុប​ចំនួន ៥​គ្រឿង​ដែល​លើស​ទម្ងន់​អនុញ្ញាត​ចន្លោះ​ពី​៥​តោន ដល់ ១២​តោន​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់ និង​គោរព​តម្រាយ​ផ្លូវ​អនុញ្ញាត​សម្រាប់​យានយន្ត​ចាប់ពី​ភ្លៅ​៦​ឡើង ដែល​ក្រសួង​បាន​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​។

ក្រុមការងារ​ចល័ត នឹង​បន្ត​ចុះ​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕