ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ដែល​កាប់​ជន​រង​គ្រោះ​របួស​ប្រអប់ដៃ​ធ្ងន់ធ្ងរនៅ​ខណ្ឌចំការមន ហើយ​រត់គេច​ខ្លួន​ទៅ​ខេត្តឧត្តរមានជ័យ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ទោ ហួរ ម៉េ​ង​ហួ​ន អធិការ​នគរបាល​ខណ្ឌចំការមន និង​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ផ្រា​វ​បង្ក្រាប​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ អន សុខ​វិ​បុ​ល្លា អធិការរង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខណ្ឌចំការមន កម្លាំង​ផ្នែក​ជំនាញ​ខណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​(​ក្រុម​ក្មេង​ទំនើង​) ដែល​ប្រើ​ដាវ​កែ​ច្នៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ប្រអប់ដៃ​ខាងស្តាំ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣​និង​៥០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ នៅ​ខណ្ឌចំការមន​។ ហើយ​ក្រុម​ជនសង្ស័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច បាន​គេចខ្លួន​ទៅ​ខេត្តសៀមរាប និង​បន្ត​ទៅ​ខេត្តឧត្តរមានជ័យ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​១ ខែមិថុនា​ឆ្នាំ​២០២៦ វេលា​ម៉ោង​១២​និង​០០​នាទី កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ចំណុច​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ រួម​មាន ៖ ទី​១. ឈ្មោះ នាង អ៊ី​ឈៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រាម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។ និង​ទី​២. ឈ្មោះ គ​ន្ធី ប​ញ្ញ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕