អាល្លឺម៉ង់គាំទ្រកម្ពុជាការប្រើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធអាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយ សន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ។

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មានរដ្ឋសភាកម្ពុជា បានប្រាប់ប្រតិភូសភាសហ ព័ន្ធអាល្លឺម៉ង់សាជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ជាមួយគ្នានេះ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិនេះ។

តាមរយៈកិច្ចប្រជុំពិភាក្សាការងារ រវាងលោក នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ជាមួយលោក ថូម៉ាស រ៉ាជែល សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ភាគីអាល្លឺម៉ង់ បានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់នានា ដែលកើតមានលើប្រជាពលរដ្ឋកម្ពុជា ដោយសារជម្លោះព្រំដែននេះ ព្រមទាំងបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ (UN) នៅតែជាសសរស្តម្ភដ៏សំខាន់ និងជាយន្តការអន្តរជាតិដែលមិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាពពិភព លោក។

ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីរក៏បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើការរឹតចំណងមិត្តភាពទ្វេភាគី ក្នុងនោះអនុប្រធានគណៈកម្មការទី៥ បានស្នើឱ្យភាគីអាល្លឺម៉ង់ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសភាទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់ការងាគ្រប់វិស័យ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ ដោយទំនាក់ ទំនងនេះ បាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំជាលំដាប់លើគ្រប់វិស័យ ។ បច្ចុប្បន្ន អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជានៅក្នុងសហភាពអឺរ៉ុប (EU) និងជាប្រទេសដែលបានផ្តល់ជំនួយឥតសំណងយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្គម-សេ ដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្នផងដែរ ៕


ចែករំលែកព័តមាននេះ