ទីក្រុងព្យុងយ៉ាង៖ លោកគីមជុងអ៊ុនប្ដេជ្ញាថានឹងពង្រីកបរិមាណអាវុធនុយក្លេអ៊ែរឱ្យបានច្រើនជាស្វ័យគុណ។ លោកថ្លែងដូច្នេះនៅពេលធ្វើដំណើរទៅទស្សនាទីតាំងស្តុកទុកនុយក្លេអ៊ែរដែលសាងសង់ថ្មី។ គេជឿជាក់ថាប្រទេសនុយក្លេអ៊ែរមួយនេះបើករោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងតិចនៅទីតាំងបីកន្លែងគឺយ៉ុងប៊ីយ៉ុន (Yongbyon), កាងសុន (Kangson) និងគូសុង (Kusong)។

លោកគីមក៏បានបើកសម្ពោធរោងចក្រផលិតសារធាតុផ្សំសម្រាប់ផលិតអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ខេស៊ីអឹនអេ (KCNA)។ ទូរទស្សន៍ដដែលនេះរាយការណ៍ថាលោកគីមបង្ហើបឱ្យដឹងអំពីមហិច្ឆតាទៅថ្ងៃនាគតចង់បង្កើនបរិមាណផលិតអាវុធនុយក្លេអ៊ែរជាស្វ័យគុណ។ ដោយមិនខ្វល់ពីការដាក់សម្ពាធពីអាមេរិក កូរ៉េខាងជើងប្រកាសម្ដងហើយម្ដងទៀតថាខ្លួននឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត។ កូរ៉េខាងជើងថានេះជាមាគ៌ាដែលខ្លួនប្រកាន់យកដោយមិនអាចត្រឡប់ថយក្រោយវិញឡើយ។

នៅទីតាំងផលិតនុយក្លេអ៊ែរ លោកគីមក៏បានថ្លែងផងដែរថាសារធាតុសម្រាប់ផ្សំផលិតនុយក្លេអ៊ែរមានច្រើនលើសពីពីរដងបើប្រៀបធៀបកាលពី៥ឆ្នាំមុន។ សម្រាប់ឆ្នាំនេះកូរ៉េខាងជើងធ្វើតេស្តសាកល្បងមីស៊ីលចំនួន៨ដងមកហើយ។ ក្រុមអ្នកវិភាគយល់ថានេះជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីឆ្លៀតឱកាសដែលពិភពលោកកំពុងតែមានបញ្ហារញ៉េរញ៉ៃដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។

ថ្វីដ្បិតកូរ៉េខាងជើងមិនបានបង្ហាញទីតាំងនោះ ប៉ុន្តែក្រុមអ្នកវិភាគយល់ថាទីតាំងនោះទំនងជាទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅយ៉ុងប៊ីយ៉ុន។ ខុសពីអ៊ីរ៉ង់ដែលត្រូវអាមេរិកគាបសង្កត់មិនឱ្យចម្រាញ់សារធាតុវិទ្យុសកម្ម កូរ៉េខាងជើងហាក់ដូចជាបង្ហាញសារធាតុនេះដោយចេតនាតែម្ដងថាខ្លួនមានសមត្ថភាពធ្វើរឿងនេះ ហើយគ្មាននរណាអាចហាមឃាត់ខ្លួនឱ្យកាត់រំសាយកម្មវិធីនេះបានឡើយ៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ