ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់វិរៈកងទ័ពជួរមុខ
- សៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២៦ ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបដែលដឹកនាំដោយ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បាននិមន្តនាំយកស្បៀងអាហារនិងសម្ភារៈប្រើ ប្រាស់ចាំបាច់ដែលជាការ ចូលរួមរបស់ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត រួមជាមួយសប្បុរសជន ដែលចូលរួមមានដូចជា វិទ្យុទាក់ទង. ថ្នាំពេទ្យ .កាហ្វេកញ្ចប់. មី. គ្រឿងភ្លើងសូឡា . ផៅវើប៊ែង(Power Bank) ទឹកសុទ្ធ រួមនិងថវិកាទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។
ក្នុងនាមព្រះមន្ត្រីសង្ឍខេត្តសៀមរាប ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ បានមានថេរដីកាថា សកម្មភាពមនុស្សធម៌របស់ព្រះសង្ឃក្នុងខេត្តក៍ដូចជាសប្បុរសជនដែលនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រប្រាស់មកជូននាពេលនេះគឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការបង្ហាញពីស្មារតីសាមគ្គីភាពខ្ពស់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ហាល ខ្យល់ ហាលភ្លៀង ការពារទឹកដីយ៉ាងអង់អាចក្លាហាន ។
ព្រះអង្គបានមានថេរដីកាបន្តថាអំណោយជាស្បៀងអាហារនិងសម្ភារៈដែលត្រូវប្រើប្រាស់ចាំបាច់ដែលយកមកប្រគល់ជូនដល់កងទ័ពនាពេលនេះនាគឺ ស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយចំពោះការលះបង់កម្លាំងកាយចិត្តដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងការការពារជាតិមាតុភូមិព្រមទាំងបង្កើនស្មារតី និងកម្លាំងចិត្តដល់យុទ្ធជនជួរមុខឱ្យកាន់តែរឹងមាំ ហើយអំណោយទាំងនេះគឺជាការសម្រាលការលំបាកនិង ជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពនៅតំបន់ដាច់ស្រយាលនិងបង្ហាញពីចំណងសាមគ្គី ភាពយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយ និងសមរភូមិផងដែរ ។
ព្រះអង្គបានថឹរដីកាបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ដែលពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្ដីស្មោះត្រង់ចំពោះជាតិ មាតុភូមិ ពួកគាត់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និង អាវុធគ្រប់ប្រភេទ ប្តូរយក សុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅជាមួយក្រុមគ្រួសារ ដូច្នេះហើយយើងទាំង អស់គ្នាសូមសម្ដែងការដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយចងចាំជានិច្ចនូវគំរូវីរ ភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។
ក្នុងនោះផងដែរព្រះមន្ត្រីសង្ឃខេត្តសៀមរាប ក៍បានមានថេរដិកា សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ព្រះគ្រូក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ៕








ចែករំលែកព័តមាននេះ