ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃធ្វើផ្លូវចុះច្រើនពេក សង្ស័យអត់គុណភាព​

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​និង​ក្រាល​គ្រួ​ស​ក្រហម​តម្លៃ​ប្រមាណ​ជិត​៣០០​លាន​រៀល ត្រូវ​បាន​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ​ល្វា​លើ ស្រុក​ចំការលើ​នា​ព្រឹក​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០២៦​។​ចំពោះ​ការ​ដេញថ្លៃ​ត្រូវ​បាន​រឹត​បន្តឹង​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់ តែ​លទ្ធផល​ការ​ដេញថ្លៃ​មានការ​ធ្លាក់​ចុះ​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ពី​គុណភាព​ផ្លូវ​។

ចំណែក​ក្រុមហ៊ុន​ដេញថ្លៃ​បាន​អះអាង​ថា​ក្រុមហ៊ុន​ខិតខំ​ស្ថាបនា​ផ្លូវ​បេតុង​ឲ្យ​ត្រូវ​តាម​ស្តង់ដា​។
លោក​ញឹ​ម សុភាព ប្រធាន​លទ្ធកម្ម​ឃុំ​ល្វា​លើ មាន​ប្រសាសន៍​លើក​ឡើង​ថា​ ចំពោះ​គម្រោង​ដេញថ្លៃ​ផ្លូវ​ទាំង​ពីរ​ប្រភេទ​ក្នុង​នោះ​រួម​មាន​ ៖

១-​ប្រភេទ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​១៨៧០​ម៉ែត្រ​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៩៤​លាន​រៀល ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន​៥ បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​យ៉េន ប៊ុ​ន​ថេ​ង​ត ម្លៃ​ជាង​៧៣​លាន​រៀល​។

២-​ផ្លូវ​បេតុង​ប្រវែង​៣២៥ ម៉ែត្រ​តម្លៃ​ដាក់​ដេញថ្លៃ​ជាង​១៨០​លាន​រៀល​មាន ៧​ក្រុមហ៊ុន​ចូលរួម​ប្រកួតប្រជែង​ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​យ៉េន ប៊ុ​ន​ថេ​ង ជា​អ្នក​នៅ​ស្រុក​ចំការលើ ដោយ​ដេញ​បាន​ក្នុង​តម្លៃ​ជាង​៧៩​លាន​រៀល​។

ប្រធាន​លទ្ធកម្ម​ឃុំ​ល្វា​លើ​មាន​ប្រសាសន៍​បន្ត​ថា​ចំពោះ​គម្រោង​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​គឺ​មានការ​ស្នើ​សុំ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។​ហើយ​រូប​លោក​ចង់​ឃើញ​ការ​ដេញថ្លៃ​មានការ​ប្រកួតប្រជែង​ដោយ​តម្លាភាព ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ដេញថ្លៃ​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នៅ​ក្រោម​សីលធម៌​ឲ្យ​បាន​ល្អ​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រទាញប្រទង់​ពេល​ដាក់​សំណើ​។ គម្រោង​ផ្លូវ​ដី​គឺ​ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​មាន​ចំនួន​១៤​កន្លែង​ដោយ​ឆ្លងកាត់​ចំនួន​៥​ភូមិ ចំណែក​ផ្លូវ​បេតុង​មួយ​ខ្សែ​ទៀត​ក៏​ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ចំនួន​៤ នៅ​ត្រង់​ទីតាំង​ផ្លូវកែង​។​

សូម​បញ្ជាក់​ថា​ ការ​ដេញថ្លៃ​នៅ​ឃុំ​ល្វា​លើ កន្លង​មក​គឺ​មិន​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​ក្នុង​នាម​ប្រធាន​លទ្ធកម្ម​ឃុំ​គឺ​ចង់​ឃើញ​សមិទ្ធផល​ក្រុមហ៊ុន​ដែល​ដេញ​បាន​ស្ថាបនា​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​។

ក្រុមហ៊ុន​យ៉េន ប៊ុ​ន​ថេ​ង ដែល​ដេញថ្លៃ​គម្រោង​ផ្លូវ​បាន​ទាំង​ពីរ​ខ្សែ​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ដែរ​ថា សម្រាប់​គម្រោង​ផ្លូវ​បេតុង​ដែល​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ជាង ១៨០​លាន​រៀល គឺ​ក្រុមហ៊ុន​របស់​លោក​បាន​ដេញ​ចុះ​ទាប​ជាងគេ​ក្នុង​តម្លៃ​ជាង ៧៩​លាន​រៀល ។

ទោះបីជា​ដេញ​បាន​ក្នុង​តម្លៃ​បែប​នេះ​ក៏​ដោយ​គឺ​រូប​លោក​មិន​លក់​ឈ្មោះ​នោះ​ទេ ដោយ​បាន​អះអាង​ថា​ក្រុមហ៊ុន​មាន​គ្រឿង​​ចក្រ​​គ្រប់គ្រាន់​មាន​រណ្ដៅ​ដី​សម្រាប់​កាយ​ស្ថាបនា​ផ្លូវ​ ។ ​ហើយ​តម្លៃ​ដែល​ដេញ​បាន​នេះ​គឺ​សម្រាប់​ឲ្យ​កម្មករ​របស់​ក្រុមហ៊ុន​មានការ​ងារ​ធ្វើ​អាច​ទទួល​បាន​លុយ​បង់​ធនាគារឯកជន​ជាដើម មួយវិញទៀត​ក្រុមហ៊ុន​របស់​លោក​និង​ខិតខំ​ស្ថាបនា​ធ្វើ​យ៉ាងណា​ឱ្យ​ត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ​ទោះបី​តម្លៃ​ដេញ​ចុះ​ច្រើន​បែប​នេះ​ក៏​ដោយ ។ ​មាន​ពេល​ខ្លះ​ក្រុមហ៊ុន​ដេញ​បាន​ទទួល​បាន​ប្រាក់​ចំណេញ​តិច​ឬ​ចូល​ដើម​ក៏​មាន​ដែរ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​